កូរ៉េខាងត្បូង​ដាក់កងទ័ព​ក្នុងភាពអាសន្ន​ខ្ពស់

(VOVWORLD) - អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានស្នើឱ្យអង្គភាពទ័ពនានា បង្កើនភាពប្រុងប្រយ័ត្ននិងការត្រៀមកម្លាំងដើម្បីឆ្លើយតប បន្ទាប់ពីស.ប.ប.កូរ៉េបានដាក់កងកម្លាំងកាំភ្លើងធំនៅក្នុងការត្រៀមប្រយុទ្ធ។ ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ១៤ ខែតុលា នាយកទំនាក់ទំនងសាធារណៈ JCS លោក Lee Sung Joon បានឲ្យដឹងថា កងទ័ពកូរ៉េខាងត្បូងកំពុងតាមដានយ៉ាងដិតដល់នូវចំណាត់ការរបស់ទីក្រុងព្យុងយ៉ាង។

នៅថ្ងៃដដែលនោះ នៅក្នុងការសួរដេញដោលនៅចំពោះមុខគណៈកម្មាធិការសន្តិសុខនិងរដ្ឋបាលសាធារណៈ នៃរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Kyung Il អភិបាលទីក្រុង Paju នៅតំបន់ព្រំដែនភាគខាងត្បូង Panmunjom ក្នុងខេត្ត Gyeonggi បានឲ្យដឹងថា ស្ថានភាពតានតឹងកំពុងកើនឡើងនៅតំបន់ព្រំដែនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យប្រជាជននៅក្នុងតំបន់ពិចារណាជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន ដូចជាស្ថិតក្នុងស្ថានភាពសង្រ្គាមអញ្ជឹង។ អាជ្ញាធរខេត្ត Gyeonggi ក៏កំពុងពិចារណាលើផែនការបង្កើត "តំបន់ហានិភ័យ" នៅតាមតំបន់ព្រំដែនដូចជា៖ Goyang, Gimpo, Yeoncheon, Pocheon និង Paju ។

កូរ៉េខាងត្បូង​ដាក់កងទ័ព​ក្នុងភាពអាសន្ន​ខ្ពស់ - ảnh 1ទាហានកូរ៉េខាងត្បូងចូលរួមសមយុទ្ធរួមជាមួយកងកម្លាំងអាមេរិកនៅក្រុង Pohang ក្នុងខែមេសា ឆ្នាំ ២០១៨។ រូបថត៖ AFP/TTXVN

នៅព្រឹកថ្ងៃទី ១៥ តុលា ស.ប.ប.កូរ៉េបានបំផ្ទុះខ្សែផ្លូវមួយចំនួនទៅកាន់កូរ៉េខាងត្បូង។ នាប៉ុន្មានថ្ងៃមុន ទីក្រុងព្យុងយ៉ាងបានប្រកាសកាត់ផ្តាច់ផ្លូវថ្នល់និងផ្លូវរថភ្លើងដែលជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ។ មុននោះ ស.ប.ប.កូរ៉េបានបង្កើនកម្រិតព្រមានចំពោះទីក្រុងសេអ៊ូល ដោយប្រកាសថា យន្តហោះដ្រូនរបស់កូរ៉េខាងត្បូងបានរំលោភបំពានលើដែនអាកាសរបស់ប្រទេសនេះ ម្តងហើយម្តងទៀត។ ស.ប.ប.កូរ៉េបានបញ្ជាឱ្យកងពលតូចទ័ពកាំភ្លើងធំចំនួន៨ នៅជិតតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង ត្រៀមប្រយុទ្ធ ហើយកងកម្លាំងការពារដែនអាកាសត្រូវពង្រឹងភារកិច្ចការពាររដ្ឋធានីព្យុងយ៉ាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ