ការបោះឆ្នោតនៅអាមេរិក៖ លោកស្រី Harris បានជ្រើសរើស​ដៃគូបោះ​ឆ្នោត ក្រោយ​​ដណ្ដើម​បាន​ការតែងតាំងពីគណបក្សប្រជាធិបតេយ្យ

(VOVWORLD) - បន្ទាប់ពីទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីក្លាយជាបេសក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានជ្រើសរើសអភិបាលរដ្ឋ Minnesota លោក Tim Walz ជាដៃគូបោះឆ្នោតរបស់ខ្លួន។

បន្ទាប់ពីដំណើរការបោះឆ្នោតតាមអនឡាញរបស់គណបក្សប្រជាធិបតេយ្យ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានទទួលសម្លេងគាំទ្រចំនួន៩៩% ក្នុងចំណោមប្រតិភូជិត ៤.០០០នាក់ ហើយបានក្លាយជាតំណាងគណបក្សប្រជាធិបតេយ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះ។ លោកស្រី Harris គឺជាបេក្ខជនគណបក្សប្រជាធិបតេយ្យតែមួយគត់ បន្ទាប់ពីប្រធានាធិបតី លោក Joe Biden បានដកខ្លួនចេញពីការរត់ប្រណាំងចូលសេតវិមានកាលពីថ្ងៃទី ២១ ខែកក្កដា។ លោកស្រីគឺជាបេក្ខជនប្រធានាធិបតីស្ត្រីស្បែកខ្មៅជាផ្លូវការដំបូងគេនៃគណបក្សនយោបាយដ៏ធំមួយនៅសហរដ្ឋអាមេរិក។

ការបោះឆ្នោតនៅអាមេរិក៖ លោកស្រី Harris បានជ្រើសរើស​ដៃគូបោះ​ឆ្នោត ក្រោយ​​ដណ្ដើម​បាន​ការតែងតាំងពីគណបក្សប្រជាធិបតេយ្យ - ảnh 1លោកស្រី Kamala Harris និងលោក Tim Walz ក្នុងកម្មវិធីមួយនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ប្រភព៖ Reuters

បន្ទាប់ពីដណ្ដើមបានការតែងតាំងរបស់គណបក្សប្រជាធិបតេយ្យ លោកស្រីអនុប្រធានាធិបតី Harris បានជ្រើសរើសដៃគូបោះឆ្នោតរបស់ខ្លួន គឺអភិបាលរដ្ឋ Minnesota លោក Tim Walz ។ លោក Tim Walz អាយុ ៦០ ឆ្នាំ ជាអតីតយុទ្ធជន អតីតគ្រូបង្រៀន ដែលបានបម្រើការជាសមាជិកសភាចំនួន ៦ អាណត្តិ ហើយបច្ចុប្បន្នជាអភិបាលរដ្ឋ Minnesota សម្រាប់អាណត្តិទីពីរជាប់ៗគ្នា។

ជាមួយនឹងការជ្រើសរើសលោក Tim Walz លោកស្រីអនុប្រធានាធិបតី Harris សង្ឃឹមថា នឹងទទួលបានការគាំទ្រពីម្ចាស់ឆ្នោតវណ្ណៈកម្មករស្បែកសនៅតំបន់ Midwest ដែលជាតំបន់សមរភូមិមួយរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ លោកស្រី Kamala Harris និងលោក Tim Walz នឹងចាប់ផ្តើមសកម្មភាពឃោសនាការបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិចំនួន ៧ ក្នុងរយៈពេល ៥ ថ្ងៃខាងមុខ ដោយចាប់ផ្តើមពីទីក្រុង Philadelphia ក្នុងរដ្ឋ Pennsylvania ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ