ការប្រយុទ្ធគ្នារវាងក្រុមឥស្លាមជីហាត និងកងទ័ពអ៊ីស្រាអែលនៅតែបន្តនៅតំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកា ការប្រយុទ្ធគ្នារវាងកងកម្លាំងឥស្លាមជីហាដ និងកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានចូលដល់ថ្ងៃទី ២ ហើយ។ យោងតាមសេចក្តីជូនដំណឹងនាពេលថ្មីៗនេះ របស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានឲ្យដឹងថាមានមនុស្សសរុប ២២ នាក់ត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងមួយថ្ងៃមុននេះ។
ក្រុមខ្មាន់កាំភ្លើងនៅតំបន់ហ្គាហ្សា បានបាញ់រ៉ុក្កែតចូលទៅកាន់ទឹកដីអ៊ីស្រាអែល ខណៈដែលកងទ័ពអ៊ីស្រាអែលបន្តការវាយប្រហារតាមជើងអាកាសសំដៅទៅលើតំបន់ហ្គាហ្សា (រូបថត៖ TTXVN) |
ចាប់ពីព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ក្រុមខ្មាន់កាំភ្លើងនៅតំបន់ហ្គាហ្សា បានបាញ់រ៉ុក្កែតចូលទៅកាន់ទឹកដីអ៊ីស្រាអែល ខណៈដែលកងទ័ពអ៊ីស្រាអែលបន្តការវាយប្រហារតាមជើងអាកាសសំដៅទៅលើតំបន់ហ្គាហ្សា។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netayahu បានព្រមានថាក្រុមខ្មាន់កាំភ្លើងជីហាតនៅតំបន់ហ្គាហ្សា ត្រូវបញ្ឈប់ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ឬទទួលរងការវាយប្រហារបន្ថែមទៀត។ រីឯប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរាំងស្កាត់អំពើហឹង្សាដែលកំពុងកើនឡើងរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន (WAFA) បានដកស្រង់សេចក្តីប្រកាសរបស់លោក Nabil Abu Rudeinah ដែលជាអ្នកនាំពាក្យរបស់លោក Abbas ដោយអះអាងថា ប្រធានាធិបតីប៉ាឡេស្ទីនបានអំពាវនាវសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិជួយអន្តរាគមន៍និងដាក់សម្ពាធទៅលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ព្រមទាំងគោរពច្បាប់អន្តរជាតិ ផងដែរ៕