ក្រសួងការបរទេសសហរដ្ឋអាមេរិកបើកពិធីអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក
(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេសអាមេរិកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក ក្រោមអធិបតីភាពលោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក។
ពិធីនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសអាមេរិក () |
នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc និងនាយកជាន់ខ្ពស់ទទួលបន្ទុកអាស៊ី ក្រុមប្រឹក្សាសន្តិសុខជាតិ លោក Allison Hooker បានជម្រាបជូននូវសារផ្លាស់ប្តូរអបអរសាទរទៅវិញទៅមក រវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងឱកាសខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ឧបការីរដ្ឋមន្រ្តីការបរទេសលោក Stilwell បានអះអាងថា គោលនយោបាយរបស់អាមេរិកតែងតែផ្តោតសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយនឹងបន្តសម្របសម្រួលជាមួយវៀតណាមដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ នៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ យ៉ាងណាមិញ សហរដ្ឋអាមេរិកជឿជាក់ថា លទ្ធផលជាក់ស្តែងលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ នឹងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍភាពជាដៃគូដែលអាចទុកចិត្តបានរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc បានអះអាងថា ភាពជាដៃគូរឹងមាំនិងស្ថិរភាពរវាងវៀត ណាមនិងអាមេរិក មិនត្រឹមតែរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីសំខាន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការធានាច្បាប់អន្តរជាតិនៅអាស៊ីអាគ្នេយ៍ និយាយដោយឡែកនិងឥណ្ឌា - អាស៊ី - ប៉ាស៊ីហ្វិកនិយាយរួម។ ប្រទេសទាំងពីរនៅតែមានសក្តានុពលដើម្បីលើកកម្ពស់ទំនាក់ទំនងឡើងកម្ពស់ថ្មីមួយ និងជាមូលដ្ឋានគ្រឹះរឹងមាំដើម្បីកសាងអនាគតភ្លឺស្វាង សម្រាប់មនុស្សជំនាន់ក្រោយក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ៕