ចិន​បានដាក់ពាក្យបណ្តឹង​កាណាដា​ទៅ WTO

(VOVWORLD) - ក្រសួងពាណិជ្ជកម្មចិននាថ្ងៃទី ២ ខែតុលា បានឲ្យដឹងថា ប្រទេសនេះបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងវិធានការការពារពាណិជ្ជកម្មដោយឯកតោភាគីរបស់កាណាដា។ 

ចំណាត់ការរបស់ទីក្រុងប៉េកាំង ត្រូវបានចាត់ទុកថា ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់កាណាដា ក្នុងការយកពន្ធ ១០០% លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន និង ២៥% លើដែកថែបនិងអាលុយមីញ៉ូមដែលនាំចូលពីប្រទេសនេះចាប់ពីថ្ងៃទី ២២ ខែតុលាតទៅ។ ប្រទេសចិនក៏បានបើកការស៊ើបអង្កេតប្រឆាំងនឹងការរើសអើង ចំពោះវិធានការរឹតត្បិតរបស់កាណាដាសំដៅទៅលើការនាំចូលទំនិញមួយចំនួនពីប្រទេសចិន។ សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។

ចិន​បានដាក់ពាក្យបណ្តឹង​កាណាដា​ទៅ WTO - ảnh 1រោងចក្រផលិតរថយន្តអគ្គិសនីនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។ រូបថត៖ THX/TTXVN

ភាពតានតឹងពាណិជ្ជកម្មរវាងចិន និងកាណាដាកំពុងកើនឡើង បន្ទាប់ពីកាណាដាបានប្រកាស នឹងពិចារណាលើការហាមឃាត់ការប្រើប្រាស់កម្មវិធីរបស់ចិនសម្រាប់រថយន្តអគ្គិសនី និងវិធានការរឹតបន្តឹងជាច្រើនទៀត។ កាលពីថ្ងៃទី ២៦ ខែកញ្ញា ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា មានភស្តុតាង និងព័ត៌មានដែលបង្ហាញថា ការយកពន្ធបន្ថែមតាមផែនការ និងវិធានការរឹតត្បិតផ្សេងទៀតរបស់កាណាដាលើរថយន្តអគ្គិសនី ដែកថែប និងផលិតផលអាលុយមីញ៉ូមដែលនាំចូលពីប្រទេសចិន គឺជាប្រតិបត្តិការពាណិជ្ជកម្មដែលមានភាពរើសអើង ក្រោមច្បាប់ពាណិជ្ជកម្មបរទេសរបស់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ