ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ប្រតិកម្មរបស់ប្រទេសនានាបន្ទាប់ពីមេដឹកនាំក្រុមហាម៉ាសត្រូវបានសម្លាប់
(VOVWORLD) - នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani កាលពីថ្ងៃទី ៣១ កក្កដា បានព្រមានថា ការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh អាចបង្កគ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ក្រសួងការបរទេសស៊ីរីបានថ្កោលទោសការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ ហើយបានព្រមានពីហានិភ័យនៃភាពតានតឹងកើនឡើងរីករាលដាលទៅតំបន់ទាំងមូល។ ក្រុម Houthi ក្នុងប្រទេសយេម៉ែនបានប្រកាសថា ការធ្វើឃាត "បងប្រុស" Haniyeh គឺជាអំពើឧក្រិដ្ឋកម្ម ជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់និងតម្លៃសីលធម៌។
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានថ្កោលទោសការធ្វើឃាត លោក Ismail Haniyeh ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានព្រមាន នឹងធ្វើការសងសឹកចំពោះការធ្វើឃាតនេះ។ ក្រសួងការបរទេសអេហ្ស៊ីបបានអំពាវនាវឱ្យចៀសវាងស្ថានហួសពីការគ្រប់គ្រង។
ពីប្រទេសរុស្ស៊ី ដោយនិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Mikhail Bogdanov បាននិយាយថា "នេះគឺជាការធ្វើឃាតនយោបាយដែលមិនអាចទទួលយកបានទាំងស្រុង ហើយនេះនឹងធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង"។
ចំណែកភាគីអ៊ីស្រាអែលវិញ ទោះបីជាមិនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះក៏ដោយ ក៏ក្រសួងការបរទេសអ៊ីស្រាអែលបានណែនាំដល់បេសកកម្មការទូតរបស់ប្រទេសនេះ នៅជុំវិញពិភពលោកឱ្យពង្រឹងវិធានការសន្តិសុខដើម្បីការពារហានិភ័យនៃការវាយប្រហារសងសឹក។
តាមផែនការ ពិធីបុណ្យសពរបស់មេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh នឹងប្រព្រឹត្តិទៅនៅទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃទី ២ ខែសីហា។ ទីក្រុង Doha ក៏ជាលំនៅដ្ឋានរបស់លោក Haniyeh ចាប់តាំងពីឆ្នាំ ២០១៩ រហូតដល់ការធ្វើឃាតលោកកាលពីម្សិលមិញ៕