ដើមទុន FDI ចំនួន១៨ពាន់លានដុល្លារអាមេរិកបានចុះបញ្ជីនៅវៀតណាមក្នុងរយៈពេល ៧ ខែកន្លងមក
(VOVWORLD) - ទន្ទឹមនឹងដើមទុនចុះបញ្ជី ដើមទុន FDI បើកចំណាយ ក៏ឈានដល់ជាង ១២,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៤% ក្នុងរយៈពេលដូចគ្នានេះ។
ខ្សែសង្វាក់ផលិតកម្មនៃសហគ្រាសមានដើមទុន FDI (រូបថត៖ Danh Lam/TTXVN) |
យោងតាមទិន្នន័យថ្មីបំផុតពីនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) ក្នុងរយៈពេល ៧ ខែកន្លងទៅ មានការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ១៨ ពាន់លានដុល្លារអាមេរិក ដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាម កើនឡើងជាង ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងដើមទុនចុះបញ្ជី ដើមទុន FDI បើកចំណាយ ក៏ឈានដល់ជាង ១២,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៤% ក្នុងរយៈពេលដូចគ្នានេះ។
បើនិយាយពីការវិនិយោគវិញ ឧស្សាហកម្មកែច្នៃ និងផលិតបាននាំមុខគេ ដោយមានទុនវិនិយោគសរុបជាង ១២,៦៥ ពាន់លានដុល្លារអាមេរិក។ អាជីវកម្មអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ២; បន្ទាប់គឺឧស្សាហកម្មដូចជា៖ លក់ដុំនិងរាយ; សកម្មភាពជំនាញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ... និងវិស័យផ្សេងៗទៀត។ បើនិយាយពីចំនួនគម្រោង ឧស្សាហកម្មកែច្នៃ និងផលិតកម្ម គឺជាឧស្សាហកម្មឈានមុខគេក្នុងចំនួនគម្រោងថ្មីៗ។ ទន្ទឹមនឹងនេះ វិស័យលក់ដុំ និងរាយនាំមុខក្នុងចំនួននៃការរួមចំណែកមូលធន និងប្រតិបត្តិការទិញភាគហ៊ុន។
បើនិយាយពីដៃគូវិនិយោគ សិង្ហបុរីនាំមុខគេដែលមានចំនួនជាងមួយភាគបួននៃទុនវិនិយោគសរុបនៅវៀតណាម។ បន្ទាប់គឺហុងកុង (ចិន) ជប៉ុន ចិន កូរ៉េខាងត្បូអ...។ ជាពិសេស ជាលើកដំបូង ដែលកៀហ្ស៊ីស៊ីស្ថានបានចុះបញ្ជីការវិនិយោគថ្មី។ ដូច្នេះរហូតមកដល់ពេលនេះ មានប្រទេសនិងតំបន់ដែនដីចំនួន ១៤៧ ដែលបានវិនិយោគនៅវៀតណាម។
យោងតាមតំបន់ដែលមានការវិនិយោគ គឺវិនិយោគិនបរទេសបានបណ្តាក់ទុនក្នុងខេត្ត-ក្រុងចំនួន ៤៨ នៅទូទាំងប្រទេស ក្នុងរយៈពេល ៧ ខែកន្លងមកនេះ។ ខេត្ត Bac Ninh នាំមុខគេជាមួយនឹងទុនវិនិយោគដែលបានចុះបញ្ជីសរុបជិត ៣,២ ពាន់លានដុល្លារអាមេរិក។ បន្ទាប់គឺខេត្ត Quang Ninh; ទីក្រុងហូជីមិញ; Ba Ria Vung Tau; ហាណូយ; ហៃផុង…។
ទាក់ទិននឹងដើមទុនអនុវត្តនៃគម្រោងវិនិយោគបរទេស គិតត្រឹមថ្ងៃទី ២០ ខែកក្កដា តាមការប៉ាន់ប្រមាណ គម្រោងវិនិយោគបរទេសបានបើកចំណាយដើមទុនប្រមាណ ១២,៥៥ ពាន់លានដុល្លារអាមេរិក៕