ណាតូប្តេជ្ញាធានាសន្តិសុខនៅកូសូវ៉ូ
(VOVWORLD) - កងកម្លាំង KFOR របស់អង្គការណាតូបានកើនឡើងដល់ជាង ៤.០០០ នាក់ បន្ទាប់ពីកងវរសេនាតូចចំនួន ៥០០ នាក់ពីទួរគី ត្រូវបានបញ្ជូនទៅកូសូវ៉ូកាលពីពីរសប្តាហ៍មុន។
កម្លាំងប៉ូលីសពិសេសនៅក្នុងទឹកដីនៃកូសូវ៉ូ (រូបថត៖ AFP/TTXVN) |
នៅថ្ងៃទី ១៨ ខែមិថុនា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កងកម្លាំងរក្សាសន្តិភាពកូសូវ៉ូ (KFOR) ចំពោះបេសកកម្មរបស់ខ្លួននៅក្នុងតំបន់នេះ ចំពេលភាពតានតឹងរវាងប្រទេសទាំងពីរបានផ្ទុះឡើងជាមួយនឹងសម្ពាធកាន់តែខ្លាំងលើប្រទេសស៊ែប៊ី ជុំវិញការចាប់ខ្លួនប៉ូលីសបីនាក់នៅកូសូវ៉ូ។
កងកម្លាំង KFOR របស់អង្គការណាតូបានកើនឡើងដល់ជាង ៤.០០០ នាក់ បន្ទាប់ពីកងវរសេនាតូចចំនួន ៥០០ នាក់ពីទួរគី ត្រូវបានបញ្ជូនទៅកូសូវ៉ូកាលពីពីរសប្តាហ៍មុន។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករជនជាតិស៊ែប៊ីកាលពីចុងខែឧសភា ដែលបានធ្វើឱ្យកងរក្សាសន្តិភាពចំនួន ៣០ នាក់រងរបួស។
កូសូវ៉ូ ជាទឹកដីដែលមានប្រជាជនអាល់បានីច្រើនលើសលុប ធ្លាប់ជាខេត្តមួយនៃប្រទេសស៊ែប៊ី ប៉ុន្តែបានប្រកាសឯករាជ្យជាឯកតោភាគីក្នុងឆ្នាំ ២០០៨។ រហូតមកដល់សព្វថ្ងៃនេះ ស៊ែប៊ីនៅតែចាត់ទុក នេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន៕