ថ្នាក់ដឹកនាំអាមេរិក និងកូរ៉េខាងជើងអាចជួបគ្នាម្តងទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ
(VOVWORLD) - នាថ្ងៃទី ១ ខែមេសា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានសង្ឃឹមថា ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un និងប្រធានាធិបតីអាមេរិក លោក Donald Trump នឹងជួបគ្នាម្តងទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo |
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ WHP 580 ដែលចេញផ្សាយកាលពីថ្ងៃទី ១ ខែមេសា លោក Mike Pompeo បានឲ្យដឹងថានឹងមានការលំបាកក្នុងការឲ្យដឹងពីពេលវេលាច្បាស់លាស់នៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ៣ ដែលនឹងរៀបចំឡើង ក៏ប៉ុន្តែលោកបានអះអាងថាការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឱ្យកាន់តែលឿនកាន់តែល្អនឹងនាំមកនូវផលប្រយោជន៍ល្អបំផុតសំរាប់អាមេរិក។ លោក Mike Pompeo ក៏សង្ឃឹមថាថ្នាក់ដឹកនាំអាមេរិក និងកូរ៉េខាងជើង ទាំង២រូបនេះ អាចសម្រេចបាននូវជំហានដំបូង ដ៏សំខាន់មួយឬក៏ជំហានដ៏ធំក្នុងដំណើរការរំលាយអាវុធនុយក្លេអ៊ែរ។ បន្ទាប់មក រហូតដល់ពេលចុងបញ្ចប់នោះ គោលដៅនៃការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ នឹងត្រូវបានអនុវត្តនិងនាំមកនូវអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រជាជនកូរ៉េខាងជើងផងដែរ៕