ថៃនឹងបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី១៦ ខែសីហា
(VOVWORLD) - ប្រធានសភាតំណាងរាស្រ្តថៃ លោក Wan Muhamad Noor Matha កាលពីយប់ថ្ងៃទី ១៤ ខែសីហា បានប្រកាសលិខិតបន្ទាន់ ដោយកោះហៅសម័យប្រជុំពិសេសមួយ នៅវេលាម៉ោង ១០៖០០ ព្រឹក ថ្ងៃទី១៦ ខែសីហា ដើម្បីបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក Srettha Thavisin ត្រូវបានទម្លាក់ពីតំណែង។ បើតាមប្រធានសភាតំណាងរាស្រ្តថៃ សភាតំណាងរាស្រ្តត្រូវរៀបចំកិច្ចប្រជុំនេះឱ្យបានឆាប់ ព្រោះប្រទេសត្រូវមានរដ្ឋាភិបាលដើម្បីរក្សាប្រតិបត្តិការទាំងអស់។
មុននោះ អគ្គលេខាធិការគណបក្សដើម្បីប្រទេសថៃ លោក Sorawong Thienthong បានឲ្យដឹងថា សម្ព័ន្ធភាពដែលដឹកនាំដោយគណបក្សដើម្បីប្រទេសថៃ នៅតែរក្សាសាមគ្គីភាព។ គណបក្សនយោបាយក្នុងសម្ព័ន្ធភាពនឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីយល់ព្រមលើការតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ។ លោក Sorawong បានបញ្ជាក់ថា ក្នុងនាមជាគណបក្សធំជាងគេក្នុងសម្ព័ន្ធភាព គណបក្សដើម្បីប្រទេសថៃ មានសិទ្ធិតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីពីគណបក្សនេះ។
លោក Chaikasem Nitisiri បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនពីររូបនៃគណបក្សដើម្បីប្រទេសថៃសម្រាប់មុខតំណែងជានាយករដ្ឋមន្ត្រី ។ រូបថត៖ Thaienquirer |
នារសៀលថ្ងៃដដែល តុលាការធម្មនុញ្ញថៃ បានសម្រេចដកដំណែងរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ពីបទបំពានរដ្ឋធម្មនុញ្ញ ក្នុងការតែងតាំងបុគ្គលដែលមិនគោរពតាមក្រមសីលធម៌ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រី។ សាលក្រមនេះបានធ្វើឲ្យលោក Srettha Thavisin ត្រូវបានដកតំណែង បន្ទាប់ពីកាន់តំណែងមិនដល់មួយឆ្នាំប៉ុណ្ណោះ។ សាលក្រមនេះក៏បានលុបចោលមុខតំណែងទាំងអស់នៅក្នុងគណៈរដ្ឋមន្ត្រី ប៉ុន្តែរដ្ឋមន្ត្រីនានានឹងបន្តកាន់តំណែងជាបណ្តោះអាសន្ន៕