ថៃអំពាវនាវឲ្យបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ រួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន
(VOVWORLD) - សន្និសីទរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៩ ក្រោមប្រធានបទ “ឆ្ពោះទៅរកតំបន់មេគង្គ-ឡានឆាងប្រកបដោយសុវត្ថិភាពនិងស្អាតជាងមុន” នឹងប្រព្រឹត្តទៅនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី ១៥ - ១៦ ខែសីហា។
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នាថ្ងៃទី ១២ ខែសីហា បានឲ្យដឹងថា ក្នុងអំឡុងសន្និសីទ លោកនឹងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យកាន់តែខ្លាំងមាំមួន ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមទូរស័ព្ទ។ លោកនាយករដ្ឋមន្ត្រី Srettha បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃកំពុងផ្តោតលើការបង្ក្រាបលើក្រុមឧក្រិដ្ឋជនទាំងនេះ។ ជាមួយគ្នានេះ លោកបានចាត់តាំងរដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa សម្របសម្រួលជាមួយប្រទេសជិតខាង ដើម្បីរួមសហការគ្នាក្នុងការបង្ក្រាបបទល្មើសប្រភេទនេះ។ ប្រទេសថៃទទួលបានការសន្យាពីប្រទេសមួយចំនួននៅក្នុងតំបន់ ហើយនឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធនៅក្នុងវិស័យនេះ តាមរយៈកិច្ចប្រជុំ MLC ។
MLC គឺជាក្របខ័ណ្ឌពហុភាគីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៦ នៅតាមដងទន្លេមេគង្គ រួមមានប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕