ទីក្រុង Hai Phong ត្រូវតែកំណត់យ៉ាងច្បាស់នូវទីតាំង សក្តានុពល និងប្រៀបខ្លាំងសម្រាប់ការអភិវឌ្ឍ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែកក្កដា នៅទីក្រុង Hai Phong ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមពិធីបើកសម័យប្រជុំលើកទី ១៨ នៃ ក្រុមប្រឹក្សាប្រជាជនទីក្រុង Hai Phong នីតិកាលទី ១៦ អាណត្តិ ២០២១-២០២៦។
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man អញ្ជើញថ្លែងនៅសម័យប្រជុំ។
(រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្នើឱ្យទីក្រុង Hai Phong កំណត់យ៉ាងច្បាស់នូវទីតាំង សក្ដានុពល និងប្រៀបខ្លាំង របស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍឲ្យសម្រេចបាន និងលើសពីគោលដៅសេដ្ឋកិច្ចសង្គម ក្នុងឆ្នាំ ២០២៤។ រួមជាមួយគ្នានោះ ទីក្រុងចាំបាច់ត្រូវពន្លឿនដំណើរការនៃគម្រោង វិនិយោគសាធារណៈសំខាន់ៗ ហើយទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌ និងលើកទឹកចិត្ត គ្រប់សមាសភាគសេដ្ឋកិច្ចទាំងអស់ឱ្យចូលរួមវិនិយោគ និងអភិវឌ្ឍន៍
គម្រោងសេដ្ឋកិច្ច វប្បធម៌ សង្គម... ដើម្បីធ្វើឱ្យ Hai Phong ក្លាយជាទីក្រុងគួរឲ្យចង់រស់នៅ ទីក្រុងភ្លឺ ស្អាតនិងបៃតង; ជាកន្លែងទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ។
លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ធនធានពីកំណែទម្រង់ នវានុវត្តន៍ ស្មារតី ហ៊ានគិត ហ៊ានធ្វើ ហ៊ានទម្លុះទម្លាយ នឹងមិនត្រឹមតែបង្កើតកម្លាំងចលករអភិវឌ្ឍន៍ថ្មី សម្រាប់មូលដ្ឋាន និងតំបន់ប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ទីក្រុង Hai Phong ជាមួយទីផ្សារអន្តរជាតិទៀតផង តាមនោះ កសាងទីក្រុងឲ្យកាន់តែរីកចម្រើន ស្រស់ស្អាត ស៊ីវិល័យ ទំនើប ជីវភាពរស់នៅរបស់ប្រជាជនកាន់តែសម្បូរធូធារនិងសុភមង្គល។
នាព្រឹកថ្ងៃនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បាន អញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយយោធភូមិភាគទី ៣។ បន្ទាប់មក នារសៀលថ្ងៃទី ១៧ កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Hai Phong អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
លោកប្រធានរដ្ឋសភាបានស្នើឱ្យទីក្រុង Hai Phong អនុវត្តន៍យ៉ាងសកម្មនូវផែនការមេទីក្រុងដោយឈរលើសសរស្តម្ភអភិវឌ្ឍន៍ចំនួន៣៖ សេវាកំពង់ផែសមុទ្រ-ឡូជីស្ទីក; ឧស្សាហកម្មបៃតង ឆ្លាតវៃ ទំនើប; មជ្ឈមណ្ឌលទេសចរណ៍សមុទ្រអន្តរជាតិ; ជំរុញការតភ្ជាប់តំបន់ត្រីកោណនៃកំណើន ហាណូយ - ហាយហ្វុង - ក្វាងនិញ; ជំរុញការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម និងកំណែទម្រង់បែបបទរដ្ឋបាល៕