ទិវាបុណ្យវប្បធម៌និងទេសចរណ៍ Ninh Thuan នៅទីក្រុង Da Nang
(VOVWORLD) - នាយប់ថ្ងៃទី ១៤ ខែកក្កដា នៅសួនឧទ្យានឆ្នេរខាងកើតនៃស្ពាននាគ ក្នុងទីក្រុង Da Nang គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានរៀបចំពិធីបើក “ទិវាវប្បធម៌ និងទេសចរណ៍ Ninh Thuan នៅទីក្រុង Da Nang ឆ្នាំ ២០២៤” ដោយប្រធានបទ “Ninh Thuan -ទឹកដីប្រមូលផ្តុំគុណតម្លៃប្លែកៗ”។
ក្នុងកម្មវិធីនេះ នាយករងនៃនាយកដានទេសចរណ៍ជាតិវៀតណាម លោក Ha Van Sieu បានអះអាងថា ទិវាវប្បធម៌ និងទេសចរណ៍ Ninh Thuan ឆ្នាំនេះ ត្រូវបានជ្រើសរើសរៀបចំនៅទីក្រុង Da Nang ដើម្បីបង្កើតខ្សែសង្វាក់តម្លៃទេសចរណ៍ចម្រុះ ដែលមានភាពទាក់ទាញ បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងទីក្រុង Da Nang និងខេត្ត Ninh Thuan និងមូលដ្ឋានផ្សេងទៀតក្នុងតំបន់ឆ្នេរភាគកណ្តាលប៉ែកខាងត្បូង។
កុមាររីករាយនឹងសំឡេងចាប៉ីដែលសំដែងដោយវិចិត្រករខេត្ត Ninh Thuan។ រូបថត៖ TTXVN |
លោក Ha Van Sieu បានអំពាវនាវឱ្យធុរកិច្ចទេសចរណ៍ វិនិយោគិន ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុននាវា និងសាជីវកម្មផ្លូវដែកវៀតណាម រួមសហការគ្នាដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដែលតភ្ជាប់គោលដៅទេសចរណ៍នៅខេត្ត Ninh Thuan ជាមួយប្រទេសទាំងមូល តាមរយៈទីក្រុង Da Nang ជាចំណុចស្នូលនៃតំបន់ភូមិភាគកណ្តាល។ “ទិវាវប្បធម៌ និងទេសចរណ៍ Ninh Thuan នៅទីក្រុង Da Nang” បានប្រព្រឹត្តទៅនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែកក្កដា ជាមួយនឹងសកម្មភាពដ៏គួរអោយចាប់អារម្មណ៍និងទាក់ទាញជាច្រើនដូចជា៖ ការសម្តែងនិងពិសោធន៍ធ្វើកុលាលភាជន៍និងតម្បាញអំបោះរបស់ជនជាតិចាម ; ការសម្តែងឧបករណ៍ភ្លេងជនជាតិចាម។ លើសពីនេះ ព្រឹត្តិការណ៍ក៏មានស្តង់ទំនិញចំនួន ៥០ ដាក់តាំងបង្ហាញនិងឧទ្ទេសនាមអំពីវប្បធម៌ និងទេសចរណ៍; គោលដៅនិងទេសភាពប្លែកៗ; ផលិតផលពិសេសក្នុងស្រុក និងមុខម្ហូបវិសេសវិសាលរបស់ខេត្ត Ninh Thuan៕