នាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha សន្យាថានឹងបំរើប្រទេសជាតិ
(VOVWORLD) - នៅថ្ងៃទី ៦ ខែមិថុនា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha សន្យាថា នឹងបំរើប្រទេសជាតិរបស់ខ្លួន ហើយបានអំពាវនាវឱ្យប្រទេសថៃគួរតែសាមគ្គីគ្នា បន្ទាប់ពីរដ្ឋសភាជាតិថៃបានបោះឆ្នោតជ្រើសរើសលោកកាន់តំណែងជានាយករដ្ឋមន្ត្រី ក្រោយរយៈពេល ៥ ឆ្នាំនៃការដឹកនាំរបស់រដ្ឋាភិបាល ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធានាឆ្នាំ២០១៤ កន្លងទៅ។
នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha |
យោងតាម អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ លោក Werachon Sukhondhapatipak បានឲ្យដឹងថា លោក Prayut បានថ្លែងអំណរគុណចំពោះសមាជិកសភាដែលបានគាំទ្រលោក ហើយលោកក៏បានសន្យាថានឹងធ្វើឱ្យបានល្អបំផុតដើម្បីប្រទេសជាតិ ជំនឿសាសនា ក៏ដូចជាដើម្បីរាជាធិបតេយ្យនិងប្រជាជនផងដែរ"។ គួរឲ្យបញ្ជាក់ថា នៅក្នុងការបោះឆ្នោតរបស់រដ្ឋសភាថៃកាលពីថ្ងៃទី ៥ ខែមិថុនា លោក Prayut បានទទួលសម្លេងគាំទ្រចំនួន ៥០០ ដែលយកឈ្នះលើសម្លេងគាំទ្រចំនួន ២២៤ របស់បេក្ខជន Thanathorn Juangroongruangkit ដែលជាមេដឹកនាំនៃគណបក្សអនាគតថ្មីផងដែរ ៕