នាយករដ្ឋមន្ត្រីអង់គ្លេសផ្តល់អនុសាសន៍ដល់រុស្ស៊ី អំពីតួនាទីជាសម្ព័ន្ធភាពការពាររបស់ណាតូ
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ៧ ខែកុម្ភៈ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថា មេដឹកនាំអង់គ្លេសមានបំណងផ្តល់ការធានាដល់រុស្ស៊ី អំពីតួនាទីរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ)ដោយបានសង្កត់ធ្ងន់ថា អង្គការនេះគឺជាសម្ព័ន្ធភាពការពារ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson។ (រូបថត៖ THX/TTXVN) |
សេចក្តីប្រកាសបានលើកឡើងពីក្តីបារម្ភរបស់រុស្ស៊ីចំពោះអង្គការណាតូ ដោយបានចាត់ទុកថា ក្តីបារម្ភទាំងនោះមិនមានមូលដ្ឋានច្បាស់លាស់ទេ ពីព្រោះអង្គការណាតូគឺជាសម្ព័ន្ធភាពការពារតែប៉ុណ្ណោះ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា ទីក្រុងឡុងដ៍ចង់ធ្វើការជាមួយទីក្រុងម៉ូស្គូ ដើម្បីផ្តល់ការធានាលើក្តីបារម្ភទាំងនេះ ហើយបានអះអាងថា នេះមិនមែនជាការធ្វើសម្បទាននោះទេ។
សូមគូសបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្សី និងលោកខាងលិចមានភាពតានតឹងកាន់តែកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលអាមេរិកនិងណាតូចាត់ទុកថា រុស្ស៊ីហាក់ដូចជាអនុវត្តន៍វិធានការយោធាប្រឆាំងនឹងអ៊ុយក្រែន។ ប៉ុន្តែ ទីក្រុងម៉ូស្គូតែងតែបដិសេធ និងអះអាងថា ការចោទប្រកាន់ខាងលើនេះមិនមានមូលដ្ឋានច្បាស់លាស់ទេ ហើយបានសង្កត់ធ្ងន់ថា រុស្ស៊ីមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ៕