នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បំពេញទស្សនកិច្ចនៅអាមេរិក
(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ២២ កក្កដាបានចេញដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងបរិបទនៃទំនាក់ទំនងរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរមានភាពអាប់អួ ដោយសារតែជម្លោះនៅតំបន់ហ្គាហ្សា។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលឡើងយន្តហោះ លោក Netanyahu បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ដែលធ្វើឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden ទើបបានប្រកាសដកខ្លួនចេញពីការរត់ប្រណាំងចូលសេតវិមាន។ លោក Netanyahu បានសង្កត់ធ្ងន់ថា មិនថាអ្នកណានឹងក្លាយជាប្រធានាធិបតីបន្ទាប់នៅអាមេរិកនោះទេ “អ៊ីស្រាអែលនៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងមិនអាចខ្វះបានរបស់អាមេរិកនៅមជ្ឈិមបូព៌ា”។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។ រូបថត៖ THX/TTXVN |
តាមផែនការ លោក Netanyahu នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃទី ២៣ ខែកក្កដា (ម៉ោងក្នុងស្រុក) ដើម្បីពិភាក្សាអំពីវិធីជួយអ៊ីស្រាអែលសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងជម្លោះនៅតំបន់ហ្គាហ្សា។ បន្ទាប់មក លោក Netanyahu នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរួមរបស់សភាទាំងពីរនៃសហរដ្ឋអាមេរិកនៅថ្ងៃទី ២៤ ខែកក្កដា។
ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងនៅពេលដែលលោក Netanyahu កំពុងប្រឈមមុខនឹងសម្ពាធដើម្បីចរចាលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយចលនាហាម៉ាសនៅតំបន់ហ្គាហ្សា។ ទន្ទឹមនឹងនេះ អាមេរិកកំពុងផ្តោតលើបញ្ហាបោះឆ្នោត បន្ទាប់ពីប្រធានាធិបតី Joe Biden បានដកខ្លួនចេញពីការបោះឆ្នោត៕