បើក “​​ទិវា​ហាណូយនៅទីក្រុងហូជីមិញ”

(VOVWORLD) - ព្រឹត្តិការណ៍ “ទិវាហាណូយនៅទីក្រុងហូជីមិញ” ក្រោមប្រធានបទ “ផ្លាកសញ្ញានៃទីក្រុងហាណូយ” បានបើកនាយប់ថ្ងៃទី ២៣ ខែសីហា នៅវិថីដើរថ្មើរជើង Nguyen Hue ខណ្ឌលេខ ១ ទីក្រុងហូជីមិញ។ នេះគឺជាសកម្មភាពមួយដើម្បីអបអរសាទរខួបលើកទី ៧០ឆ្នាំ ទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤- ១០តុលា ២០២៤) ដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយនិងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ សម្របសម្រួលរៀបចំឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែសីហា សំដៅផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌និងបេតិកភណ្ឌវប្បធម៌នៃរដ្ឋធានីហាណូយអរិយធម៌រាប់ពាន់ឆ្នាំ។
ថ្លែងមតិបើកកម្មវិធី លោកស្រី Vu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា “ទិវាហាណូយនៅទីក្រុងហូជីមិញ” គឺជាឱកាសសម្រាប់ទីក្រុងទាំងពីរ រំលឹកឡើងវិញនូវប្រវត្តិសាស្ត្រវីរភាពរបស់ប្រទេសជាតិ ចែករំលែក ផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌វិសេសវិសាល សក្តានុពល និងប្រជាជននៃទីក្រុងនីមួយៗ៖ “កម្មវិធី “ទិវាហាណូយនៅទីក្រុងហូជីមិញ” នឹងធ្វើឱ្យស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងជិតស្និទ្ធនិងរឹងមាំរវាងទីក្រុងទាំងពីរ រឹតបន្តឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងរួមចំណែកពង្រីកសក្តានុពលនិងប្រៀបខ្លាំងរបស់ទីក្រុងទាំងពីរ អះអាងពីតួនាទីដ៏រឹងមាំរបស់ក្បាលម៉ាស៊ីនសេដ្ឋកិច្ចទាំងពីរ រួមសហការគ្នាដើម្បីក្លាយជាកម្លាំងសមូហភាព រួមវិភាគទានក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។ តាមរយៈកម្មវិធីនេះ  ប្រជាជននិងភ្ញៀវទេសចរនឹងយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌នៃរាជធានី Thang Long ក្នុងអតីតកាល និងទីក្រុងហាណូយនាបច្ចុប្បន្ន ហើយទន្ទឹមនឹងនោះ ក៏យល់ដឹងអំពីទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញ ដែលជាទីក្រុងប្រកបដោយភាពស្វាហាប់ និងរស់រាយរាក់ទាក់”។
បើក “​​ទិវា​ហាណូយនៅទីក្រុងហូជីមិញ” - ảnh 1កម្មវិធីសិល្បៈ “សញ្ញាសំគាល់នៃទីក្រុងហាណូយ” ក្នុងរាត្រីបើក។ រូបថត៖ hanoimoi.vn

នាយប់ថ្ងៃទី ២៣ ខែសីហា ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកទស្សនានិងពិសោធន៍បរិយាកាសហាណូយដែលបានដាក់តាំងនៅលើវិថីដើរថ្មើរជើង Nguyen Hue។ លោក Nguyen Van Chung រស់នៅទីក្រុងហូជីមិញ បានចែករំលែកថា៖ “អ្វីដែលគួរអោយចាប់អារម្មណ៍បំផុត គឺទេសភាពខ្នាតតូចនៃស្ពាន Long Bien។ ដំបូងឡើយ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះស្ពាននេះមើលទៅដូចនឹងស្ពាន Long Bien ពិតប្រាកដ ពិតជាស្អាតណាស់។ នៅបុណ្យតេតឆ្នាំនេះ គ្រួសារខ្ញុំនឹងទៅលេងហាណូយ ដើម្បីស្វែងយល់បន្ថែមអំពីរដ្ឋធានី”។

ក្នុងរយៈពេល៣ថ្ងៃ កម្មវិធី “ទិវាហាណូយនៅទីក្រុងហូជីមិញ” រួមមានសកម្មភាពប្រកបដោយអត្ថន័យនិងប្លែកៗដូចជា៖ កម្មវិធីសិល្បៈ “សញ្ញាសំគាល់នៃទីក្រុងហាណូយ” ក្នុងរាត្រីបើក; សកម្មភាពចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់គ្រួសារគោលនយោបាយនិងជនមានគុណូបការៈចំនួន ៧០ នៅទីក្រុងហូជីមិញ; ការតាំងពិព័រណ៌ “បរមរាជវាំង Thang Long-ហាណូយ-បេតិកភណ្ឌសម្រាប់អនាគត”; ការតាំងពិព័រណ៌គំនូរ រូបថត និងឯកសារអំពីកេរ្តិ៍ដំណែលជាតិពិសេស "Van Mieu - Quoc Tu Giam"; ទន្ទឹមនឹងនោះ ទីក្រុងហាណូយក៏បានរៀបចំសកម្មភាព “ផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផល គួបផ្សំជាមួយនឹងការផ្សព្វផ្សាយទេសចរណ៍ចងសម្ព័ន្ធរដ្ឋធានីហាណូយ - ទីក្រុងហូជីមិញ”ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ