បើកជំរុំយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមទូទាំងប្រទេស
(VOVWORLD) - នាយប់ថ្ងៃទី ១៣ ខែសីហា នៅទីក្រុងឆ្នេរសមុទ្រ Nha Trang (ខេត្ត Khanh Hoa) បានប្រព្រឹត្តិទៅពិធីបើក ជំរុំយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមទូទាំងប្រទេសលើកទី៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការស្ម័គ្រចិត្តបៃតង - ដើម្បីសហគមន៍មានសុវត្ថិភាពនិងក្តីមេត្តាធម៌” ។
អញ្ជើញចូលរួមពិធីនេះ មានមានគណៈប្រតិភូជិត៥០០នាក់ មកពីទូទាំងប្រទេស និងគណៈប្រតិភូអន្តរជាតិមកពីសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៃប្រទេស៖ ឡាវ កម្ពុជា ចិន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម សហការជាមួយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ក្រសួងអប់រំនិងបណ្តុះបណ្តាល និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ សីហា។
ពិធីបើកជំរុំយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមទូទាំងប្រទេស។ |
អញ្ជើញថ្លែងក្នុងពិធីបើកជំរុំយុវជននេះ ប្រធានសមាគមកាកបាទក្រហមវៀតណាម លោកស្រី Bui Thi Hoa បានសង្កត់ធ្ងន់ថា ជំរុំយុវជនលើកទី៦ មានប្រធានបទ “ការស្ម័គ្រចិត្តបៃតង - ដើម្បីសហគមន៍មានសុវត្ថិភាព និងក្តីមេត្តាធម៌” បានផ្ញើសារអំពីស្មារតីស្ម័គ្រចិត្ត លះបង់ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន លើកទឹកចិត្តដល់របៀបរស់នៅដើម្បីសហគមន៍។ កាកបាទក្រហមវៀតណាមបានអំពាវនាវដល់យុវជន ដោយស្មារតីជំនះពុះពារលើខ្លួនឯង ច្នៃប្រឌិត និងត្រួសត្រាយផ្លូវ តភ្ជាប់កម្លាំងពលំរបស់បណ្តាញយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមនៅតាមមូលដ្ឋានទូទាំងប្រទេស និងតភ្ជាប់ប្រកបដោយប្រសិទ្ធភាពជាមួយបណ្តាញយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមក្នុងតំបន់ និងលើពិភពលោក។
ប្រធានសមាគមកាកបាទក្រហមវៀតណាម លោកស្រី Bui Thi Hoa។ |
នៅក្នុងជំរុំឆ្នាំនេះ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមបានចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យនិងជាក់ស្តែងជាច្រើន ធ្វើការផ្លាស់ប្តូរ ចែករំលែក និងសិក្សារៀនសូត្រពីបទពិសោធន៍និងគំរូនៃសកម្មភាពយុវជន និងកាកបាទក្រហម។ លោក Vo Van Tuong សមាជិកក្លឹបស្ម័គ្រចិត្ត Lam Dong ដែលចូលរួមជំរុំឆ្នាំនេះ បានចែករំលែកថា៖ “យើងទាំងអស់គ្នាមានសេចក្តីស្រឡាញ់។ ហើយសេចក្តីរីករាយ និងសុភមង្គលដ៏ធំបំផុតរបស់ពួកយើងទាំងអស់គ្នា គឺការនាំយកសេចក្តីស្រឡាញ់នេះជូនអ្នកដែលមានការលំបាកខ្លាំងជាច្រើន។ នៅពេលដែលយើងផ្តល់អំណោយដល់អ្នកខ្វះខាត នោះគឺជាសេចក្តីរីករាយនិងសុភមង្គលដ៏ធំធែងសម្រាប់ទាំងអ្នកទទួល និងអ្នកផ្តល់អំណោយ”។
ចំណែកឯលោក Nguyen Phuc Duc មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម Thai Nguyen អនុប្រធានសមាគមយុវជនកាកបាទក្រហមខេត្ត Thai Nguyen ជាអ្នកបរិច្ចាគឈាមមួយក្នុងចំណោមអ្នកបរិច្ចាគឈាមឆ្នើមទាំង ១០០ នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៣ និងជាយុវជនម្នាក់ក្នុងចំណោមយុវជនទាំង៧៥នាក់ ដែលត្រូវបានលើកសរសើរជាយុវជនរីកចម្រើនដែលធ្វើតាមគំរូរបស់លោកអុំ ហូ បានចែករំលែកថា៖ “ខ្ញុំបានជួបមនុស្សដែលមានជីវភាពលំបាក់វេទនាជាងខ្ញុំ ដូច្នេះខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅតែមានសំណាងជាងមនុស្សជាច្រើន។ នោះធ្វើឱ្យខ្ញុំកាន់តែឡាញ់ការងារដែលខ្ញុំកំពុងធ្វើ ហើយនឹងបន្តខិតខំប្រឹងប្រែងជាមួយចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត” ។
ជំរុំយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមទូទាំងប្រទេស គឺជាព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ ៥ ឆ្នាំម្តង ដើម្បីគោរពនិងលើកតម្កើងការរួមចំណែកនិងការលះបង់របស់យុវជននិងអ្នកស្ម័គ្រចិត្តក្នុងសកម្មភាពមនុស្សធម៌ ដែលផ្សារភ្ជាប់ជាមួយនឹងគំរូប្រតិបត្តិការថ្មី ប្រកបដោយភាពច្នៃប្រឌិត និងផ្សព្វផ្សាយស្មារតីស្ម័គ្រចិត្តរបស់កាកបាទក្រហមដើម្បីសហគមន៍។ នេះក៏ជាឱកាសសម្រាប់គណប្រតិភូ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម មានឱកាសជួបប្រាស្រ័យ សិក្សារៀនសូត្រ និងចែករំលែកបទពិសោធន៍ គំរូ និងជំនាញក្នុងសកម្មភាពស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម រវាងមូលដ្ឋានទូទាំងប្រទេស និងមិត្តភក្តិអន្តរជាតិ ៕