បង្កើនទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសអាស៊ាន
(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៣ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជាលោកប្រាក់ សុខុន, រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique A. Manalo និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Dato' Seri Zambry Abdul Kadir ។
ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យលោកប្រាក់ សុខុន បន្តផ្តោតការយកចិត្តទុកដាក់ និងជួយដោះស្រាយបញ្ហាលំបាកមួយចំនួន ក្នុងនោះមានបែបបទ ចូលសញ្ជាតិសម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ខ្ពស់លើគ្រប់បណ្តាញ; ពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន; លើកកម្ពស់ការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជាពិសេសរវាងខេត្តជាប់ព្រំដែន; កិច្ចខិតខំប្រឹងប្រែងស្តារទេសចរណ៍; ជំរុញការចរចាឈានដល់ការបញ្ចប់ជាស្ថាពរការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែនគោកចំនួន ១៦% ដែលនៅសល់។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique A. Manalo ភាគីទាំងពីរបានឯកភាពគ្នានាពេលឆាប់ៗខាងមុខ នាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក; បង្កើនការបើកទីផ្សារនៃប្រទេសទាំងពីរ។ ទាក់ទងនឹង បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈ សំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាការដោះស្រាយជម្លោះ ដែនសមុទ្រដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។
ក្នុងជំនួបជាមួយលោក Seri Zambry Abdul Kadir រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Dato រដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀងគ្នាថា នឹងខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងការសម្របសម្រួលគោលជំហរនិងការគាំទ្ររគ្នារវាងវៀតណាម និងម៉ាឡេស៊ីលើបញ្ហាដែលមានការព្រួយបារម្ភទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសធានាគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ធានាការអនុវត្តពេញលេញនៃ DOC និងសម្រេចបានឆាប់ៗនូវក្រមសិលធម៌ COC ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានទាំង UNCLOS ១៩៨២ ផងដែរ៕