បទឈប់បាញ់នៅតំបន់ហ្គាហ្សានៅតែពិបាកស្រេចបាន
(VOVWORLD) - ការចរចារវាងអ្នកសម្រុះសម្រួលនិងគណៈប្រតិភូអ៊ីស្រាអែលស្តីពីការដកកងទ័ពអ៊ីស្រាអែលចេញពីច្រករបៀង Philadelphi ក៏ដូចជាបញ្ហាពាក់ព័ន្ធផ្សេងទៀតដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សាបានប្រព្រឹត្តទៅចាប់ពីយប់ថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី ២៣ ខែសីហា នៅក្នុងប្រទេសអេហ្ស៊ីប។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៣ ខែសីហា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា ការចរចានៅទីក្រុងគែរទទួលវឌ្ឍនភាព ហើយបានដាស់តឿនឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស រួមសហការគ្នា ឆ្ពោះទៅរកការអនុវត្តជាក់ស្តែង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាសមិនបានចូលរួមក្នុងការចរចាលើកនេះទេ។ ទន្ទឹមនឹងនេះ លោក Osama Badran មន្ត្រីក្រុមហាម៉ាស់ បានចាត់ទុកថា សំណើរបស់នាយករដ្ឋមន្ត្រី Netanyahu ស្តីពីការគ្រប់គ្រងច្រករបៀង Philadelphia ឆ្លុះបញ្ចាំងពី "ការបដិសេធរបស់អ៊ីស្រាអែល ចំពោះការឈានដល់កិច្ចព្រមព្រៀងចុងក្រោយ" ។
នៅក្នុងការវិវឌ្ឍមួយទៀត កាលពីថ្ងៃទី ២៣ សីហា ការប្រយុទ្ធឆ្លងដែនដ៏សាហាវបន្តផ្ទុះឡើងរវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំង Hezbollah នៅប្រទេសលីបង់។ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើប្រទេសលីបង់បានសម្លាប់សមាជិកក្រុមហេសបូឡាយ៉ាងតិច៨នាក់។ គួរកត់សម្គាល់ថា តំបន់ជាច្រើននៅក្នុងប្រទេសលីបង់ ក៏បានក្លាយជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែលជាលើកដំបូងក្រោយរយៈពេលជាង ១០ ខែនៃជម្លោះ។
ក្រុមហេសបូឡាបានឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលជាមួយនឹងការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើន សំដៅទៅលើតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថាំ នៅថ្ងៃទី ២៣ ខែសីហា ក្រុមហេសបូឡាបានបាញ់មីស៊ីលសរុបប្រហែល ១០០ គ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល៕