ប្រតិកម្មរបស់កូរ៉េខាងត្បូងនិងជប៉ុន ចំពោះការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង
(VOVWORLD) - នៅថ្ងៃទី ១៧ ខែមករា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាយ៉ាងម៉ត់ចត់ ខណៈពេលដែលការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនៅតែបន្តប្រព្រឹត្តិទៅនោះ។
(រូបថត៖ YONHAP/TTXVN)
|
យោងតាមភាគីកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានអនុវត្តន៍ការបាញ់បង្ហោះចំនួន ៤លើកក្នុងឆ្នាំ ២០២២។ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានកត់សម្គាល់ថា ខ្លួននឹងខិតខំប្រឹងប្រែងតភ្ជាប់កិច្ចសន្ទនាជាមួយកូរ៉េខាងជើង ដើម្បីកុំឱ្យភាពតានតឹងនៅលើឧបទ្វីបកូរ៉េកើនឡើងបន្ថែមទៀត។
មុននេះ ក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង(JCS) បានឲ្យដឹងថា កូរ៉េខាងត្បូងបានរកឃើញវត្ថុហោះហើរចំនួនពីរ ដែលបានបាញ់ចេញពីតំបន់អាកាសយានដ្ឋាន Sunan រដ្ឋធានីព្យុងយ៉ាង នៅព្រឹកថ្ងៃទី ១៧ ខែមករា។ កងទ័ពកូរ៉េខាងត្បូងកំពុងតែតាមដាននិងឃ្លាំមើល កាយវិការរបស់កូរ៉េខាងជើង ក៏ដូចជារក្សាស្ថានភាពត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ។
នាថ្ងៃដដែលនោះ រដ្ឋាភិបាលជប៉ុនបានថ្កោលទោសការបាញ់បង្ហោះថ្មីបំផុតរបស់កូរ៉េខាងជើង។ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រី្តជប៉ុន លោក Hirokazu Matsuno បានប្រកាសថា ការបាញ់បង្ហោះនេះ “បានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ជប៉ុន ក៏ដូចជាតំបន់ និងសហគមន៍អន្តរជាតិផងដែរ”។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានឲ្យដឹងថា វត្ថុហោះហើរទាំងពីរនេះ អាចធ្លាក់ចូលតំបន់នៅក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ(EEZ) របស់ជប៉ុន។ វត្ថុហោះហើរទាំងនេះ អាចឈានដល់កម្ពស់អតិបរមាប្រហែល ៥០ គីឡូម៉ែត្រ និងហោះហើរបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ៕