ប្រធានាធិបតីរុស្ស៊ីជួបជាមួយតំណាងទីភ្នាក់ងារសារព័ត៌មាននៃប្រទេស BRICS

(VOVWORLD) - នាថ្ងៃទី ១៨ តុលា នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) បានជួប និងឆ្លើយសំណួរជាច្រើនរបស់តំណាងទីភ្នាក់ងារសារព័ត៌មានឈានមុខមកពីប្រទេស BRICS។ 
ប្រធានាធិបតីរុស្ស៊ីជួបជាមួយតំណាងទីភ្នាក់ងារសារព័ត៌មាននៃប្រទេស BRICS - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងសន្និសីទកាសែតជាមួយទីភ្នាក់ងារសារព័ត៌មាន BRICS កាលពីថ្ងៃទី១៨ ខែតុលា។ រូបថត៖ TASS

កិច្ចប្រជុំនេះបានធ្វើឡើងនៅពេលដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មុនពេលកិច្ចប្រជុំកំពូល BRICS ប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី។

នៅក្នុងផ្នែកដំបូងនៃកិច្ចប្រជុំនេះ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេស BRICS រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដែលបច្ចុប្បន្នស្រូបយកចំនួន ៣៣% នៃផ្ទៃដី និងចំនួន ៤៥% នៃចំនួនប្រជាជនពិភពលោក ហើយចំណូលពាណិជ្ជកម្មនៅក្នុងប្លុកកំពុងកើនឡើងជាបន្តបន្ទាប់។ ប្រធានាធិបតីរុស្ស៊ីបានអះអាងពីសក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស BRICS។

ឆ្លើយសំណួរទាក់ទិននឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ប្រធានាធិបតី ពូទីន បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយអ៊ុយក្រែន។ ទីតាំងសម្រាប់ដំណើរការកិច្ចចរចានេះអាចនៅអារ៉ាប៊ីសាអូឌីត។ ទាក់ទិននឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ស្នើឲ្យមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ថា រុស្ស៊ីមិនទទួលយកសំណើរនេះទេ។ ការបញ្ឈប់ជម្លោះអាស្រ័យលើអ៊ុយក្រែន  ប៉ុន្តែបញ្ហាចាំបាច់ត្រូវដោះស្រាយនៅតុចរចា។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតប្រេស៊ីលអំពីដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងលទ្ធភាពចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា នៅប្រទេសប្រេស៊ីល ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ដូចជាសហរដ្ឋអាមេរិក ចិន ទួរគី និងប្រទេសជាច្រើនជុំវិញពិភពលោក៖ រុស្ស៊ីមិនទទួលស្គាល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេ។ រុស្ស៊ីនិងប្រេស៊ីល មានទំនាក់ទំនងមិត្តភាពល្អ។ ដូច្នេះ បញ្ហានេះងាយស្រួលដោះស្រាយ គឺគ្រាន់តែចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរដើម្បីកំណត់យុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ