ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ចើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា
(VOVWORLD) - មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តរក្សា ការពារ និងបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ចើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេច ឃួន សុដារី។
ក្នុងជំនួបនោះ ប្រធានរដ្ឋលោក To Lam បានអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក/ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ប្រកបដោយជោគជ័យ ។ ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនានាបានបង្ហាញពីការជឿជាក់និងការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះតួនាទីរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាឡាវដើម្បីរៀបចំកិច្ចប្រជុំកំពូលដំបូងនៃរដ្ឋសភានៃប្រទេសទាំងបីប្រកបដោយជោគជ័យក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ បង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងបីអភិវឌ្ឍន៍យ៉ាងរឹងមាំ រឹតចំណងមិត្តភាពប្រពៃណី និងសាមគ្គីភាពរវាងប្រទេសទាំងបី។
មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តរក្សា ការពារ និងបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ជាប្រចាំ និងគ្រប់លំដាប់ថ្នាក់ក្នុងគ្រប់ក្របខ័ណ្ឌ រួមទាំងក្របខ័ណ្ឌសភា បន្តលើកកម្ពស់តួនាទីរបស់រដ្ឋសភានៃប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ដើម្បីពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។
ក្នុងឱកាសនេះ ប្រធានរដ្ឋលោក To Lam បានស្នើឲ្យកម្ពុជាបន្តយកចិត្តទុកដាក់ និងដោះស្រាយការលំបាកសម្រាប់ពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងនោះមានការចូលសញ្ជាតិ។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។
នាព្រឹកថ្ងៃទី១៣ ខែកក្កដា ប្រធានរដ្ឋលោក To Lam បានអញ្ជើញជួបជាមួយប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សម្តេចម៉ែន សំអនផងដែរ៕