ប្រធានរដ្ឋសភាវៀតណាម ឡាវ និងកម្ពុជាអញ្ជើញទទួលទានអាហារពេលព្រឹកនិងធ្វើការ
(VOVWORLD) - ថ្នាក់ដឹកនាំរដ្ឋសភាទាំងបីបានអះអាងសារជាថ្មីអំពីអត្ថន័យ និងតួនាទីនៃយន្តការកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍វៀតណាម-ឡាវ-កម្ពុជា (CLV-DTA) ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក។
ប្រធានរដ្ឋសភានៃប្រទេសទាំងបីអញ្ជើញទទួលទានអាហារពេលព្រឹកនិងធ្វើការ។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១៨ ខែតុលា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភានៃបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៥ (AIPA-៤៥) ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភាឡាវ ប្រធាន AIPA-៤៥ លោក Saysomphone Phomvihane និងលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកនិងធ្វើការនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
នៅទីនេះ ប្រធានរដ្ឋសភាទាំងបីបានឯកភាពបង្កើនការផ្លាស់ប្តូរ និងការជួបប្រាស្រ័យទ្វេភាគី និងត្រីភាគីជាប្រចាំនាពេលខាងមុខ; សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលភាគីទាំងពីរ និងភាគីទាំងបីបានចុះហត្ថលេខា ហើយដាក់ពង្រាយយន្តការសហប្រតិបត្តិការត្រីភាគី; ជំរុញការផ្លាស់ប្តូរនិងការបណ្តុះបណ្តាលយុវជន និងថ្នាក់ដឹកនាំវ័យក្មេង; សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការថែរក្សាព្រំដែនសន្តិភាព ស្ថិរភាព និងមិត្តភាពរវាងវៀតណាម-ឡាវ វៀតណាម-កម្ពុជា និងរវាងប្រទេសទាំងបី។
ថ្នាក់ដឹកនាំរដ្ឋសភាទាំងបីបានអះអាងសារជាថ្មីអំពីអត្ថន័យ និងតួនាទីនៃយន្តការកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍វៀតណាម-ឡាវ-កម្ពុជា (CLV-DTA) ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក; ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងបី ស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី; ទន្ទឹមនឹងនោះ បានសង្កត់ធ្ងន់លើការជឿទុកចិត្ត សាមគ្គីភាព និងភាពស្អិតរមួតដើម្បីផលប្រយោជន៍នៃប្រទេសទាំងបី ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ប្រធានរដ្ឋសភាទាំងបីបានសន្យាបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់។ ជាពិសេស រដ្ឋសភានៃប្រទេសទាំងបីបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តន៍បានល្អនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសភា និងយន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលមានស្រាប់៕