ប៉ារ៉ាឡាំពិកឆ្នាំ ២០២៤៖ UNESCO ជំរុញឥទ្ធិពលវិជ្ជមានពីកីឡាសម្រាប់ជនពិការ
(VOVWORLD) - នៅមុនពិធីបើកប៉ារ៉ាឡាំពិក ប៉ារីសឆ្នាំ ២០២៤ (ថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៩ ខែកញ្ញា) ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៧- ២៨ខែសីហានៅទីក្រុងប៉ារីស អង្គការ UNESCO និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានរៀបចំ "សន្និសីទអន្តរជាតិស្តីពីការសមាហរណកម្មជនពិការ៖ លើកកម្ពស់ផលប៉ះពាល់វិជ្ជមាននៃកីឡាសម្រាប់ជនពិការ"។
នាព្រឹកថ្ងៃទី ២៨ ខែសីហា ក្នុងដំណើរទៅកាន់ការប្រកួតកីឡាប៉ារ៉ាឡាំពិក អណ្តាតភ្លើងប៉ារ៉ាឡាំពិកត្រូវបានដង្ហែរដោយអត្តពលិករត់បណ្តាក់បារាំង Clavel Kayitare ទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស។ ឯកអគ្គរដ្ឋទូត Nguyen Thi Van Anh តំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការ UNESCO បានចូលរួមសន្និសីទនេះ។
អគ្គនាយិការ UNESCO លោកស្រី Audrey Azoulay ទទួលអណ្តាតភ្លើងប៉ារ៉ាឡាំពិក ដែលត្រូវបានដង្ហែរដោយអត្តពលិកបារាំង Clavel Kayitare ទៅកាន់ទីស្នាក់ការរបស់ UNESCO ក្នុងទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី ២៨ ខែសីហា (រូបថត៖ Thu Ha/TTXVN) |
នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ២៨ សីហា ប្រមុខរដ្ឋ រដ្ឋមន្ត្រីទទួលបន្ទុកកីឡា សមាហរណកម្មនិងសមភាព តំណាងទីភ្នាក់ងាររដ្ឋាភិបាលនិងធនាគារអភិវឌ្ឍន៍ បានពិភាក្សាគ្នាដើម្បីចាត់វិធានការជាក់ស្តែង សំដៅលើកកម្ពស់ការសមាហរណកម្មជនពិការនៅក្នុងនិងតាមរយៈកីឡា។ ដោយកិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាល វិស័យឯកជន អង្គការកីឡានិងអ្នកគាំទ្រ សន្និសីទនេះមានមហិច្ឆតាក្នុងការជំរុញចលនាសកលមួយ នៅក្នុងសហភាព Fit for Life ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញនៃកីឡាពិការ ដែលជាកត្តាជំរុញសម្រាប់ធ្វើសមាហរណកម្មនិងការផ្លាស់ប្តូរសង្គម។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ប្រធាន IPC លោក Andrew Parson បានឲ្យដឹងថា ប៉ារ៉ាឡាំពិកប៉ារីសឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍នៃកំណត់ត្រាដោយមានការចូលរួមពីគណៈប្រតិភូកីឡាចំនួន ១៦៨ក្រុម និងអត្តពលិកស្រី្តចំនួន ១៩៨៣នាក់ ដែលទាំងនេះគឺជាចំនួនដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ ៦០ ឆ្នាំកន្លងទៅ។ ជាមួយបំណងចង់ឲ្យ "ការផ្លាស់ប្តូរនឹងចាប់ផ្តើមពីកីឡា" ប្រធាន IPC បានអំពាវនាវឱ្យប្រទេសនានាចូលរួមចលនានេះ "ដើម្បីផលប្រយោជន៍របស់ជនពិការចំនួន ១,៣ ពាន់លាននាក់នៅលើពិភពលោក និងដើម្បីផលប្រយោជន៍របស់សង្គមទាំងមូល" ៕