បេឡារុស្ស ពង្រឹងកងកម្លាំង​ទៅកាន់​តំបន់​ព្រំដែន​ជាប់​អ៊ុយក្រែន

(VOVWORLD) - ក្រសួងការពារជាតិបេឡារុស្សកាលពីថ្ងៃទី ១២ ខែសីហា បានប្រកាសពីការត្រៀមរៀបចំដាក់ពង្រាយអង្គភាពទ័ពនានានៃកងពលតូចរថក្រោះទៅកាន់តំបន់ដែលបានកំណត់។ មួយថ្ងៃមុននេះ ក្រសួងការពារជាតិបេឡារុស្សបានឲ្យដឹងថា រថក្រោះរបស់ប្រទេសនេះកំពុងផ្លាស់ទីទៅកាន់តំបន់ព្រំដែនជាមួយអ៊ុយក្រែនដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួន។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ នាថ្ងៃដដែលនោះ ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អភិបាលស្តីទីនៃខេត្ត Kursk លោក Alexei Smirnov បានឲ្យដឹងថា កងទ័ពអ៊ុយក្រែនបច្ចុប្បន្ននេះ កំពុងគ្រប់គ្រងតំបន់លំនៅដ្ឋានចំនួន ២៨ នៅក្នុងខេត្តនេះ និងបណ្តាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់ស ក្នុងនោះរួមទាំងកុមារផងដែរ។ អាជ្ញាធរខេត្តបន្តធ្វើការដើម្បីកំណត់កន្លែងលាក់ខ្លួននិងស្ថានភាពរបស់ជនរងគ្រោះ ហើយចាត់វិធានការរៀបចំជំនួយមនុស្សធម៌និងការជម្លៀសចេញពីតំបន់ជម្លោះ។

បេឡារុស្ស ពង្រឹងកងកម្លាំង​ទៅកាន់​តំបន់​ព្រំដែន​ជាប់​អ៊ុយក្រែន - ảnh 1ទាហានបេឡារុស្សចូលរួមក្នុងការដង្ហែក្បួនយោធាក្នុងរដ្ឋធានី Minsk។ រូបថត៖ AFP/TTXVN

ថ្លែងនៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណែតស្តីពីស្ថានការណ៍នៅតាមតំបន់ព្រំដែននៅថ្ងៃដដែលនោះ លោកប្រធានាធិបតី Putin បានបញ្ជាឲ្យត្រៀមរៀបចំលក្ខណៈដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីរបស់អ៊ុយក្រែនដែលអាចកើតឡើងនៅក្នុងតំបន់ព្រំដែន រួមទាំងខេត្ត Bryansk ផងដែរ។ លោកបានកត់សម្គាល់ថា ការពង្រឹងការការពារនៅតាមតំបន់ព្រំដែននិងការឆ្លើយតយ៉ាងទាន់ពេលវេលា ចំពោះរាល់ការគំរាមកំហែងគឺជាភារកិច្ចស្នូល នាពេលខាងមុខ។ មេដឹកនាំរុស្ស៊ីក៏បានព្រមានថា លោកនឹង "ឆ្លើយតបឱ្យបានសមស្រប" ចំពោះការវាយប្រហាររបស់អ៊ុយក្រែននៅព្រំដែនរុស្ស៊ី ហើយបានប្រកាសថា នឹងមិនមានកិច្ចចរចាសន្តិភាពណាមួយ បន្ទាប់ពីឥរិយាបទរបស់ទីក្រុង Kiev ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ