ផ្សព្វផ្សាយសារអំពីប្រទេសនិងប្រជាជនវៀតណាមដ៏រួសរាយរាក់ទាក់ មេត្តាករុណានិងសាមគ្គីភាពតាមរយៈសកម្មភាពជួយសង្គ្រោះអន្តរជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ១៧ មីនា) នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំនិងលើកតម្កើងសមូហភាព និងបុគ្គលក្នុងក្រុមការងារនៃក្រសួងនគរបាល និងក្រសួងការពារប្រទេស ដែលបានចូលរួមជួយសង្គ្រោះនៅទួរគីបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ។

ផ្សព្វផ្សាយសារអំពីប្រទេសនិងប្រជាជនវៀតណាមដ៏រួសរាយរាក់ទាក់ មេត្តាករុណានិងសាមគ្គីភាពតាមរយៈសកម្មភាពជួយសង្គ្រោះអន្តរជាតិ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស ក្រសួងនគរបាលចូលរួមពិធី។ (រូបថត៖ VGP)

ក្នុងពិធីលើកតម្កើង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនវៀតណាម ចែករំលែកយ៉ាងជ្រាលជ្រៅជាមួយរដ្ឋាភិបាល និងប្រជាជនទួរគី ចំពោះការបាត់បង់ និងខូចខាតនៃអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិក្នុងគ្រោះមហន្តរាយរញ្ជួយដី។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋវៀតណាមនោះ គឺធ្វើជាមិត្តល្អ ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ជាមួយនឹងប្រពៃណីនៃការជួយទំនុកបម្រុងគ្នាទៅវិញទៅមក វៀតណាមបានបញ្ជូនក្រុមការងារទៅជួយទួរគី ក្នុងការស្វែងរក និងជួយសង្គ្រោះ។ នេះជាលើកដំបូងហើយដែលវៀតណាមបានបញ្ជូនកម្លាំងដ៏ធំមួយ (រួមមានសមាជិកចំនួន ១០០ នាក់នៃក្រសួងការពារប្រទេស និងក្រសួងនគរបាល) ទៅជួយការងារស្វែងរក ជួយសង្គ្រោះ នៅកន្លែងឆ្ងាយមួយនៅខាងក្រៅដែនដី។ សកម្មភាពនេះត្រូវបានសហគមន៍អន្តរជាតិ រដ្ឋាភិបាល និងប្រជាជនទួរគីកោតសរសើរយ៉ាងខ្លាំង។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ការប្រែប្រួលអាកាសធាតុនឹងកាន់តែធ្ងន់ធ្ងរ ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ តាមនោះ ភារកិច្ចជួយឧបត្ថម្ភមនុស្សធម៌ ជួយសង្គ្រោះ ក៏មានការទាមទារកាន់តែខ្ពស់ៗផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពនានាត្រូវតាមដានស្ថានការណ៍ឱ្យបានហ្មត់ចត់ នៅពេលដែលកើតឡើងបញ្ហា ឧប្បត្តិហេតុ និងគ្រោះមហន្តរាយ ដើម្បីធ្វើសេនាធិការ លើកសំណើរឲ្យបានម្ចាស់ការ ត្រឹមត្រូវ ទាន់ពេលវេលា ប្រកាន់ខ្ជាប់នូវគោលជំហរ គោលមាគ៌ាកិច្ចការបរទេសរបស់បក្ស រដ្ឋ និងលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យក្រសួងការពារប្រទេស ក្រសួងនគរបាល និងក្រសួងការបរទេស ធ្វើការស្រាវជ្រាវ វាយតម្លៃ និងដកយកមេរៀន បទពិសោធន៍ក្នុងការត្រៀមរៀបចំកម្លាំង មធ្យោបាយ និងឧបករណ៍សម្រាប់បំបេញភារកិច្ច ព្រមទាំងសិក្សា និងស្រូបយកបទពិសោធន៍ពីប្រទេសនានាដែលចូលរួមការងារជួយសង្គ្រោះនៅទួរគី ដើម្បីជ្រើសរើសខ្លឹមសារសមស្រប បំពេញបន្ថែមវាទៅក្នុងកម្មវិធីបណ្តុះបណ្តាល ដើម្បីលើកកំពស់គុណភាព និងប្រសិទ្ធភាពក្នុងការងារបង្ការទប់ទល់ និងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ