ពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិវៀតណាមនៅបណ្តាប្រទេស

(VOVWORLD) - នាថ្ងៃទី ២៨ ខែសីហា នៅទីក្រុងប៉េកាំង ស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិនបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២៤)។ 

ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានពិនិត្យមើលឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងដំណើរអភិវឌ្ឍន៍ ៧៩ ឆ្នាំរបស់ប្រទេសជាតិ។ នៅក្នុងពិធីនេះ មិត្តអន្តរជាតិបានសម្តែងការចាប់អារម្មណ៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលថ្មីៗនេះ។

នៅថ្ងៃម្សិលមិញផងដែរ នៅក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានរៀបចំពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិ។ ថ្លែងមតិក្នុងពិធីនេះ អគ្គកុងស៊ុល Lai Xuan Chien បានសង្កត់ធ្ងន់លើគោលនយោបាយការបរទេស ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម ពហុភាគី និងសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយតំបន់និងអន្តរជាតិ។  ឋានៈរបស់ប្រទេសក្នុងតំបន់ និងក្នុងឆាកអន្តរជាតិត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ ចំណែកអភិបាលខេត្តព្រះសីហនុ លោក ម៉ង់ ស៊ីណេត បានបញ្ជាក់ថា កម្ពុជាដឹងគុណ និងចងចាំជានិច្ចនូវការលះបង់របស់កងទ័ពនិងប្រជាជនវៀតណាម ក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ក្នុងអំឡុងឆ្នាំ ១៩៧០-១៩៨០។ ក្នុងសម័យកាលបច្ចុប្បន្ន ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ដែលក្នុងនោះខេត្តព្រះសីហនុ នៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយខេត្ត Kien Giang ខេត្ត Bac Lieu និងទីក្រុង Hai Phong ផងដែរ។

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតឡាវប្រចាំព្រះរាជាណាចក្រប៊ែលហ្សិក Kingphokeo Phommahaxay ភរិយា និងមន្ត្រីស្ថានទូតឡាវ បានអញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប្រ៊ុចសែល ដើម្បីអបអរសាទរ។ គណៈប្រតិភូស្ថានទូតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកអគ្គរដ្ឋទូត Buakeo Phumvongsay ក៏បានអញ្ជើញមកទីស្នាក់ការស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៧៩ នៃទិវាបុណ្យជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ