លើកកម្ពស់គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច
(VOVWORLD) - នាព្រឹកថ្ងៃទី ១២ វិច្ឆិកា សម័យប្រជុំលើកទី ៨ នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបន្តប្រព្រឹត្តទៅនៅសាលប្រជុំ ជាមួយសម័យសួរដេញដោលចំពោះរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Manh Hung។
ក្រៅពីក្រុមបញ្ហាដូចជាដំណោះស្រាយដើម្បីកែលម្អគុណភាពនៃសកម្មភាពរបស់សារព័ត៌មាននៅក្នុងដំណាក់កាលដែលការផ្សព្វផ្សាយនៅលើបណ្តាញសង្គមបានផ្ទុះឡើង ការគ្រប់គ្រងសកម្មភាពផ្សាយពាណិជ្ជកម្មនៅក្នុងសារព័ត៌មាន និងក្នុងលំហអនឡាញ ការវិនិយោគ អភិវឌ្ឍន៍និងកែលម្អគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច ក៏ត្រូវបានសមាជិកសភាយកចិត្តទុកដាក់ពិសេស។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung បានរាយការណ៍អំពីបញ្ហាមួយចំនួន ទាក់ទងនឹងខ្លឹមសារនៃសំណួរដេញដោល។ រូបថត៖ quochoi.vn |
រដ្ឋមន្ត្រី Nguyen Manh Hung បានអះអាងថា៖ “វិស័យទូរគមនាគមន៍កំពុងឈានចូលដល់ដំណាក់កាលទីពីរនៃការផ្លាស់ប្តូរថ្មី។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដែលត្រូវតែវិនិយោគជាមុន ដើម្បីបម្រើដល់ការផ្លាស់ប្តូរឌីជីថលជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ នាពេលថ្មីៗនេះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ បានស្នើឱ្យចេញផ្សាយយុទ្ធសាស្ត្រនិងផែនការ ដោយកំណត់យ៉ាងច្បាស់នូវខ្លឹមសារ ក៏ដូចជាតម្រូវការអភិវឌ្ឍន៍សម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ ដោយយកចិត្តទុកដាក់ជាពិសេសលើការលើកកម្ពស់គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងតំបន់ឆ្ងាយដាច់ស្រយាល និងជនជាតិភាគតិច។ បច្ចុប្បន្ននេះ យើងកំពុងស្នើឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺរណិតធ្វើការកែលម្អ ដើម្បីប្រជាជនអាចប្រើប្រាស់សេវាកម្មអនឡាញបាន។ លើសពីនេះ វៀតណាមបច្ចុប្បន្នជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលមានក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ជិត ១០០.០០០ក្រុម។ ពួកគេអាចទៅដល់គ្រប់ច្រកល្ហក គ្រប់ផ្ទះ និងជួយមនុស្សគ្រប់រូប។ យើងនឹងប្រគល់ភារកិច្ចឱ្យក្រុមទាំងនេះ ដើម្បីផ្សព្វផ្សាយចំណេះដឹងដល់ប្រជាជន”។
ឆ្លើយសំណួរអំពីការគ្រប់គ្រងបណ្ដាញសង្គម ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត រដ្ឋមន្ត្រី លោក Nguyen Manh Hung បានអះអាងថា នេះជាបញ្ហាមិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងពិភពលោកទៀតផង។ បច្ចុប្បន្ននេះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានបង្កើត និងដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ហើយនៅតាមមូលដ្ឋានក៏បានបង្កើតមជ្ឈមណ្ឌលបែបនេះផងដែរ៕