លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសំឡេងភាគខាងត្បូងលើកទី៣

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមសម័យប្រជុំបើកជាន់ខ្ពស់ នៃកិច្ចប្រជុំកំពូលសំឡេងភាគខាងត្បូងលើកទី ៣ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី។ សម័យបើកនេះមានការចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្រ្តីចំនួន២០រូប និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកំពុងអភិវឌ្ឍន៍នានា ដែលពិភាក្សាលើប្រធានបទ "ការប្រគល់សិទ្ធិដល់ប្រទេសភាគខាងត្បូងដើម្បីអនាគតប្រកបដោយចីរភាព"។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសំឡេងភាគខាងត្បូងលើកទី៣ - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសំឡេងភាគខាងត្បូងលើកទី៣ តាមប្រព័ន្ធអនឡាញ។ (រូបថត៖ VOV)

អញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យបើកជាន់ខ្ពស់ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា បណ្តាប្រទេសភាគខាងត្បូង ចាំបាច់ត្រូវមានចក្ខុវិស័យរួម និងការត្រិះរិះ សកម្មភាព និងអភិក្រមដ៏សកល គ្រប់ជ្រុងជ្រោយនិងដើម្បីប្រជាជនទាំងមូល; ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីសាមគ្គីភាព និងឯកភាពក្នុងភាពចម្រុះ ដើម្បីរួមគ្នាចាប់យកឱកាស ជំនះពុះពារលើបញ្ហាប្រឈម ដោះស្រាយការលំបាក និងឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រទេសទាំងអស់។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ប្រទេសភាគខាងត្បូងចាំបាច់ត្រូវជំរុញដំណើរការកែទម្រង់ស្ថាប័នអភិបាលកិច្ចក្នុងតំបន់ និងសកលលោកឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្ដែង ដោយផ្តោតលើការកែទម្រង់អង្គការសហប្រជាជាតិឱ្យកាន់តែមានប្រជាធិបតេយ្យ និងប្រសិទ្ធភាព ពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាមជ្ឈភាព កាត់បន្ថយរបាំងពាណិជ្ជកម្ម និងការប្រកួតប្រជែងមិនយុត្តិធម៌។ ជំរុញការកៀរគរ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានសង្គមទាំងអស់ ដើម្បីអនុវត្តន៍ដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ; អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ។ ទន្ទឹមនឹងនេះ ជំរុញកម្លាំងចលករថ្មីសម្រាប់កំណើន ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងសហគ្រិនភាព; បន្តជំរុញខ្លាំងពាណិជ្ជកម្ម និងវិនិយោគ កសាងទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្បូង-ត្បូង ជាដើម។

នេះជាលើកទី៣ជាប់ៗគ្នាហើយដែលឥណ្ឌាបានអញ្ជើញវៀតណាមចូលរួមកិច្ចប្រជុំសំឡេងភាគខាងត្បូង ដោយបង្ហាញពីតួនាទី ឋានៈនិងកិត្យានុភាពអន្តរជាតិកាន់តែកើនឡើងៗ របស់វៀតណាមក្នុងការចូលរួម និងរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះយន្តការពហុភាគីសកលនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ