លោកនាយករដ្ឋមន្ត្រីបានលើកឡើងកត្តាជាមូលដ្ឋានចំនួន ៥ ដើម្បីនាំទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងឥណ្ឌាឡើងកំពស់ថ្មី
(VOVWORLD) - នារសៀលថ្ងៃទី ៣១ កក្កដា ក្នុងកម្មវិធីនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា (ចាប់ ពីថ្ងៃទី ៣០ កក្កដា ដល់ថ្ងៃទី ១ សីហា) នៅរដ្ឋធានីញ្ញូវដេលី (ឥណ្ឌា) នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-ឥណ្ឌា។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងវេទិកាធុរកិច្ចវៀតណាម-ឥណ្ឌា (រូបថត៖ Duong Giang/TTXVN) |
ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានអះអាងថា បន្ទាប់ពីជាង ៥ ទសវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូតមក ការលើកកំពស់ទំនាក់ទំនងវៀតណាម - ឥណ្ឌាទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៦ បានបើកទូលាយនូវកិច្ចសហប្រតិបត្តិការថ្មីលើខ្សែសង្វាក់តម្លៃនិងធនធានយុទ្ធសាស្ត្រ សន្តិសុខសេដ្ឋកិច្ច ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ បរិស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការតភ្ជាប់ហិរញ្ញវត្ថុ ធនធានមនុស្សគុណភាពខ្ពស់ ការអប់រំ ការការពារសន្តិសុខ ... ដែលនៅក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្មបានក្លាយជាចំណុចភ្លឺ និងសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រវាងប្រទេសទាំងពីរមានកត្តាសំខាន់ៗចំនួន ៥ សម្រាប់ធុរកិច្ចពីភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ និងប្រសិទ្ធភាព ក្នុងនោះមាន៖ មិត្តភាពប្រពៃណីល្អ; ការជឿទុកចិត្តនយោបាយខ្ពស់; ទីផ្សារបើកចំហ; វប្បធម៌ និងអរិយធម៌ស្រដៀងគ្នា; គំនិតត្រូវគ្នា; ចែករំលែកនូវបំណងប្រាថ្នាដូចគ្នា ដើម្បីកសាងប្រទេសដ៏រឹងមាំ វិបុលភាព ជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ ឈរលើកត្តាទាំង៥នេះ លោកនាយករដ្ឋមន្ត្រីជំរុញឲ្យអង្គភាពអាជីវកម្មឥណ្ឌាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ នៅវៀត ណាមលើវិស័យដែលឥណ្ឌាមានចំណុចខ្លាំង ហើយវៀតណាមមានតម្រូវការ និងអាទិភាពខ្ពស់ដូចជា៖ បច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI); ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ថាមពលថ្មី (អ៊ីដ្រូសែន) ជីវបច្ចេកវិទ្យា នវានុវត្តន៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មឱសថ។
លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកផ្លូវហោះហើរ |
លោកនាយករដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរបន្តគាំទ្រ និងជំរុញសកម្មភាពសន្ទនា ការតភ្ជាប់វិនិយោគ និងអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ចប់គោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារនាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អង្គភាពអាជីវកម្ម និងអ្នកវិនិយោគឥណ្ឌានឹងយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មវៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃនៃសាជីវកម្ម ជាពិសេសលើវិស័យដែលវៀតណាមបុរសមានសក្ដានុពល; ចាត់ទុកវៀតណាមជាគោលដៅយុទ្ធសាស្ត្រសម្រាប់ការកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងអនុវត្តបច្ចេកវិទ្យាខ្ពស់។
នៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានធ្វើជាសាក្សីក្នុងពិធីប្រគល់អនុស្សារណៈយោគយល់គ្នារវាងធុរកិច្ចនៃប្រទេសទាំងពីរ រួមមានៈ អនុស្សរណៈយោគយល់គ្នារវាង Sovico Group និង Adani Group ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ និងអាកាសយានដ្ឋាន និងដឹកជញ្ជូន។ អនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ វៀតណាម និងក្រុមហ៊ុនច្នៃប្រឌិតឥណ្ឌា ស្តីពីការរៀបចំមហោស្រពមិត្តភាពវៀតណាម-ឥណ្ឌាលើកទី៣; អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន T&T Group និង Ramky Group ដើម្បីសហការលើសួនឧស្សាហកម្មឱសថ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូក៏បានចូលរួមក្នុងពិធីប្រកាសផ្លូវហោះហើរ Da Nang (វៀតណាម) - Ahmedabad (រដ្ឋ Gujarat ប្រទេសឥណ្ឌា) និងស្វាគមន៍អ្នកដំណើរទី ២០០ នៃក្រុមហ៊ុនអាកាសចរណ៍ Vietjet៕