វេជ្ជបណ្ឌិត Nguyen Thi Ngoc Phuong ឈ្នះពានរង្វាន់ “ណូបែលតំបន់អាស៊ី”
(VOVWORLD) - នាថ្ងៃទី ៣១ ខែសីហា មូលនិធិពានរង្វាន់ Ramon Magsaysay ដែលត្រូវបានចាត់ទុកថាជារង្វាន់ណូបែលអាស៊ី បានប្រកាស ថា សាស្រ្តាចារ្យ វេជ្ជបណ្ឌិត Nguyen Thi Ngoc Phuong នៃប្រទេសវៀតណាម ជាបុគ្គលមួយក្នុងចំណោមបុគ្គលនិងអង្គការចំនួន ៥ ត្រូវបានលើកតម្កើងក្នុងឆ្នាំនេះ នាឱកាសខួបលើកទី ១១៧ នៃថ្ងៃកំណើត ប្រធានាធិបតីហ្វីលីពីន Ramón del Fierro Magsaysay។
មូលនិធិ Ramon Magsaysay Award ប្រកាសអ្នកឈ្នះរដូវកាល ២០២៤ (រូបថត៖ RMA) |
យោងតាមអ្នករៀបចំពានរង្វាន់ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Nguyen Thi Ngoc Phuong ត្រូវបានលើកតម្កើងចំពោះការរួមចំណែកស្រាវជ្រាវស្វែងរកការពិត និងការបំផ្លិចបំផ្លាញនៃសារធាតុគីមីពុលពណ៌លឿងទុំលើសុខភាពមនុស្ស និងសុខភាពបន្តពូជរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត។
មូលនិធិពានរង្វាន់ Ramon Magsaysay សង្កត់ធ្ងន់ថា ការស្រាវជ្រាវរបស់សាស្ត្រាចារ្យ Nguyen Thi Ngoc Phuong គឺជាការព្រមានយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកថា ត្រូវចៀសវាងសង្គ្រាមដោយគ្រប់បែបយ៉ាង ព្រោះផលវិបាកសោកនាដកម្មរបស់វា អាចអូសបន្លាយទៅអនាគត។
ពិធីប្រគល់ពានរង្វាន់ Ramon Magsaysay លើកទី ៦៦ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកា នៅរោងមហោស្រព Metropolitan ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕
លោកស្រី Nguyen Thi Ngoc Phuong (កើតឆ្នាំ ១៩៤៤) គឺជាអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រវៀតណាមដ៏ល្បីល្បាញ។ សាស្ត្រាចារ្យ Nguyen Thi Ngoc Phuong បច្ចុប្បន្នជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមនៅទីក្រុងហូជីមិញ ប្រធានសមាគមន៍ប្រព័ន្ធបន្តពូជនិងភាពគ្មានកូនរបស់ទីក្រុងហូជីមិញ (HOSREM) អនុប្រធានសមាគមសម្ភពនិងរោគស្ត្រីវៀតណាម (VAGO)។
លោកស្រីគឺជាអតីតនាយិការមន្ទីរពេទ្យ Tu Du (នៃទីក្រុងហូជីមិញ) អតីតនាយកវិទ្យាស្ថានបេះដូងទីក្រុងហូជីមិញ អតីតអនុប្រធានសមាគមវៀតណាមសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅទីក្រុងហូជីមិញ អតីតប្រធានសមាគមមិត្តភាពវៀតណាម- ទីក្រុងហូជីមិញ។
លោកស្រីត្រូវបានរដ្ឋប្រគល់កិត្តិវីរៈបុរសពលកម្ម វេជ្ជបណ្ឌិតប្រជាជន និងមេដាយពលកម្មថ្នាក់ ៣៕