វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវយុទ្ធសាស្ត្រយោធា និងការពារជាតិ
(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែសីហា នៅទីក្រុងហាណូយ អគ្គសេនាធិការរងនៃកង ទ័ពប្រជាជនវៀតណាម លោក Huynh Chien Thang បានទទួលជួបគណៈប្រតិភូមន្ត្រីមកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោក គឹម វណ្ណា នាយកមជ្ឈមណ្ឌលដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួបនេះ អគ្គសេនាធិការរង លោក Huynh Chien Thang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យយោធា និងការពារជាតិរវាងប្រទេសទាំងពីរបន្តបានជម្រុញ និងមានប្រសិទ្ធភាព និងជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យ៖ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត គណៈប្រតិភូជាន់ខ្ពស់ រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ ក្នុងនោះមានកិច្ចសន្ទនាគោលនយោបាយការពារជាតិនៅថ្នាក់អនុរដ្ឋមន្ត្រី; កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន; ការបណ្តុះបណ្តាលធនធានមនុស្ស; ផ្សព្វផ្សាយប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពវៀតណាម-កម្ពុជា; ការងារស្វែងរក និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់យុទ្ធជនពលី; សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងពហុភាគី។
អគ្គសេនាធិការរង លោក Huynh Chien Thang ទទួលជួបលោក គឹម វណ្ណា នាយកមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា (រូបថត៖ Hong Pha/TTXVN) |
នាពេលខាងមុខ អគ្គសេនាធិការរង Huynh Chien Thang បានស្នើថា ស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រយោធា និងការពារប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងភាគីទាំងពីរ; ចែករំលែកព័ត៌មានដើម្បីផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាពដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរក្នុងការរៀបចំផែនការគោលនយោបាយ និងគោលការណ៍ណែនាំការពារជាតិរបស់ប្រទេសនីមួយៗ; បន្តរៀបចំវគ្គបណ្តុះបណ្តាលស្រាវជ្រាវយុទ្ធសាស្ត្រ។ ចំណែកនាយកមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក គឹម វណ្ណា បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕