វៀតណាម-កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
(VOVWORLD) - ទទួលការអញ្ជើញរបស់នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ដឹកនាំ ដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមវេទិកា Xiangshan ប៉េកាំងលើកទី១០ នាខែតុលា ឆ្នាំ២០២៣។ (រូបថត៖ qdnd.vn) |
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រសួង ការពារជាតិកម្ពុជា។ បន្ទាប់ពីពិធីទទួល នាយឧត្តមសេនីយ៍ Phan Van Giang និង នាយឧត្តមសេនីយ៍ ទៀ សីហា បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សារវាងគណៈ ប្រតិភូទាំងពីរ។
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិរវាងប្រទេសទាំងពីរ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ដោយ បន្តជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ នាពេលខាងមុខ ភាគីទាំងពីរ ឯកភាពគ្នាបង្កើនការសម្របសម្រួល បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវពិធីសារ ដំណាក់កាល ២០១៩ - ២០២៤ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំ។ តាមនោះ ភាគីទាំងពីរនឹងផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ការបណ្តុះបណ្តាល ធនធានមនុស្ស; បង្កើនការសម្របសម្រួលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន; បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា សន្និសីទយោធា-ការពារជាតិពហុភាគី។ នៅឆ្នាំ ២០២៤ ព្រឹត្តិការណ៍ដ៏មានអត្ថន័យជាច្រើនសម្រាប់ប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅ ជាពិសេសការរំលឹកខួបលើកទី ៤៥ នៃជ័យជំនះលើរបបប្រល័យពូជ សាសន៍នៅកម្ពុជា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) និងខួបលើកទី ៨០ នៃការ បង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ឆ្នាំ ២០២៤) ដូច្នេះ ភាគី ទាំងពីរនឹងសម្របសម្រួលរៀបចំសកម្មភាពប្រកបដោយអត្ថន័យ ដើម្បីអបអរសាទរ ខួបព្រឹត្តិការណ៍សំខាន់ៗទាំងនេះ៕