វៀតណាមខិតខំរួមចំណែកជាវិជ្ជមានដល់សន្តិសុខស្បៀង​ពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៨ តុលា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានសហការជាមួយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ប្រចាំនៅវៀតណាម រៀបចំពិធីអបអរសាទរទិវាស្បៀងអាហារពិភពលោកលើកទី ៤៤ ក្រោមប្រធានបទ “សិទ្ធិទទួលបានស្បៀងអាហារសម្រាប់ជីវិតនិងអនាគតដ៏ល្អប្រសើរ”។
វៀតណាមខិតខំរួមចំណែកជាវិជ្ជមានដល់សន្តិសុខស្បៀង​ពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ភាពជាដៃគូផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព មានទំនួលខុសត្រូវ និងនិរន្តរភាពនៅវៀតណាម”។ 

ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan បានអះអាងថា កសិកម្មវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងអាហារ ស្ថិរភាពសង្គម និងរបរចិញ្ជឹមជីវិតរបស់ប្រជាជន រួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅវៀតណាម។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ទើបបានអនុម័តលើ“គម្រោងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០” ដោយមានគោលដៅចូលរួមចំណែកយ៉ាងវិជ្ជមាន សកម្ម និងមានទំនួលខុសត្រូវក្នុងដំណើរការសកលភាវូបនីយកម្ម និងការដោះស្រាយបញ្ហាប្រឈមនៃកសិកម្មសកល; នាំកសិកម្មវៀតណាមធ្វើសមាហរណកម្មទៅក្នុងពិភពលោក និងកៀរគរធនធានមនុស្ស បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ទាក់ទាញការវិនិយោគពីខាងក្រៅ ដើម្បីបម្រើការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពនៃវិស័កសិកម្ម និងជនបទនៅវៀតណាម។ រដ្ឋមន្ត្រី Le Minh Hoan បានឲ្យដឹងថា៖ 

វៀតណាមខិតខំរួមចំណែកជាវិជ្ជមានដល់សន្តិសុខស្បៀង​ពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 2រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានអះអាងពីតួនាទីសំខាន់របស់កសិកម្មវៀតណាម។

“យើងបានត្រៀមខ្លួនជាស្រេចក្នុងការរួមសហការជាមួយដៃគូអន្តរជាតិលើគ្រប់ជ្រុងជ្រោយ ក្នុងបញ្ហាពាណិជ្ជកម្ម ការវិនិយោគ ជំនួយបច្ចេកទេស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការប្រាស្រ័យទាក់ទងគ្នាក្នុងស្មារតីធ្វើពិពិធកម្មដៃគូ ធ្វើជាមិត្តរបស់អ្នកទាំងអស់គ្នា និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព។ ខ្ញុំជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងនៃប្រព័ន្ធទាំងមូល និងភាពជាដៃគូរបស់ដៃគូអន្តរជាតិ វៀតណាមនឹងសម្រេចបានគោលដៅក្លាយជាប្រទេសកសិកម្មទំនើប តម្លាភាព មានការទទួលខុសត្រូវ និងនិរន្តរភាព រួមចំណែកជាវិជ្ជមានដល់សន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍប្រកបដោយចីរភាពជាសកល”។

ក្នុងក្របខណ្ឌនៃពិធីអបអរសាទរទិវាស្បៀងអាហារពិភពលោកលើកទី៤៤ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រសួងធនធាននិងបរិស្ថាន និងដៃគូក្នុងស្រុក និងអន្តរជាតិចំនួន ៤៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី "ភាពជាដៃគូដើម្បីផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងនិរន្តរភាពនៅវៀតណាម” និងចាប់ផ្តើមកម្មវិធីរួមរបស់អង្គការសហប្រជាជាតិនៅវៀតណាមស្តីពី “ការជំរុញនវានុវត្តន៍ក្នុងយន្តការភាពជាដៃគូនិងហិរញ្ញវត្ថុសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារនៅវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ