វៀតណាមនិងចិនដំណើរការកិច្ចពិភាក្សាជាន់ខ្ពស់
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ សីហា នៅមហាសាលប្រជាជននៃទីក្រុងប៉េកាំង បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង។
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ VOV) |
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកកាន់ប្រទេសចិន ក៏ជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ក្នុងឋានៈជាប្រមុខបក្សនិងរដ្ឋវៀតណាម គឺមានអត្ថន័យសំខាន់ណាស់ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងជាអាទិភាពកំពូលរបស់បក្សទាំងពីរ និងប្រទេសទាំងពីរចំពោះទំនាក់ទំនងវៀតណាម-ចិន; ជឿជាក់ថា នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការនាំយកទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មី កាន់តែស៊ីជម្រៅ និងមានខ្លឹមសារលើគ្រប់ទិដ្ឋភាព។
តាងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមបានអះអាងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់និងផ្តល់អាទិភាពកំពូលចំពោះទំនាក់ទំនងមិត្តភាពអ្នកជិតខាង ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ សហគមចែករំលែកអនាគតដែលមានអត្ថន័យយុទ្ធសាស្ត្រជាមួយចិន; អះអាងនូវបំណងចង់ចូលរួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិនផ្សេងទៀត ក្នុងការទទួលមរតក និងលើកកម្ពស់ប្រពៃណីមិត្តភាពដ៏យូរអង្វែងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងតម្រង់ទិសទំនាក់ទំនងវៀតណាម-ចិនឱ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរអង្វែង។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV) |
អគ្គលេខាបក្ស ប្រធានរដ្ឋទាំងពីររូបបានឯកភាពគ្នាខ្ពស់លើការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ។ តាមនោះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រួមទាំងជំរុញការតភ្ជាប់ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយ “ខ្សែក្រវ៉ាត់ផ្លូវ” ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងផ្លូវគោក ពង្រឹងខ្សែសង្វាក់ផត់ផ្គង់; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាខេត្តជាប់ព្រំដែន និងបង្កើនការផ្លាស់ប្តូរលើកំណែទម្រង់សហគ្រាសរដ្ឋ។
ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានបំណងប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២៥ អគ្គលេខាបក្ស ប្រធានរដ្ឋទាំងពីររូបបានឯកភាពកំណត់ឆ្នាំ ២០២៥ ជា "ឆ្នាំជួបប្រាស្រ័យមនុស្សសាស្ត្រវៀតណាម-ចិន"។
ទាក់ទិននឹងបញ្ហាលើសមុទ្រ ភាគីទាំងពីរបានពិភាក្សាដោយស្មោះត្រង់ ដោយឯកភាពអនុវត្តឱ្យបានល្អនូវការយោគយល់រួមកម្រិតខ្ពស់ ដែលសម្រេចបាន និងខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើឲ្យភាគីទាំងពីរត្រូវគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូវៀតណាមក្នុងកិច្ចពិភាក្សា (រូបថត៖ VOV) |
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមនិងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីងបានធ្វើជាសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ រវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ។
បន្ទាប់មក អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានគោរពអញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ពិសារតែ។ នេះគឺជាទម្រង់ទទួលទានពិសេសមួយ ដែលត្រូវបានបង្កើតឡើង និងរក្សាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចកម្រិតខ្ពស់ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ៕