វៀតណាមប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនិងសហគ្រិនអតីតយុទ្ធជនអាស៊ាន
(VOVWORLD) - វេទិកាធុរកិច្ចអតីតយុទ្ធជនលើកទី១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) (VECONAC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែតុលា នៅទីក្រុងហាណូយ។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងគណៈប្រតិភូចូលរួមវេទិកាធុរកិច្ចអតីតយុទ្ធជនអាស៊ាន (រូបថត៖ VOV) |
ព្រឹត្តិការណ៍នេះ ដោយសមាគមអតីតយុទ្ធជនវៀតណាម និងសមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម សហការជាមួយសហព័ន្ធអតីតយុទ្ធជនសិង្ហបុរីរៀបចំឡើង ដោយមានការចូលរួមពីប្រតិភូជិត ២០០ នាក់ មកពីប្រទេសអាស៊ានទាំង ១០។ វេទិកានេះមានគោលបំណងបង្កើតឱកាសសម្រាប់ប្រតិភូជួបពិភាក្សាផ្លាស់ប្តូរយោបល់ និងកសាងគំរូអាជីវកម្មប្រកបដោយនិរន្តរភាពសម្រាប់អតីតយុទ្ធជនក្នុងតំបន់។
អញ្ជើញចូលរួមនិងថ្លែងមតិនៅវេទិកានេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានចាត់ទុកថា ការអភិវឌ្ឍនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ រួមជាមួយនឹងនិន្នាការនៃការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការការពារបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាដើម កំពុងដាក់ចេញតម្រូវការថ្មីសម្រាប់សហគមន៍ធុរកិច្ចអាស៊ាន។
“សង្ឃឹមថា ដោយការប្ដេជ្ញាចិត្តនិងឆន្ទៈដ៏រឹងមាំរបស់យុទ្ធជននាអតីតកាល; ជាមួយនឹងស្មារតីយុទ្ធមិត្ត សាមគ្គីភាព និងភាពជាសហគ្រិន ធុរកិច្ចជាអតីតយុទ្ធជននឹងធ្វើពិពិធកម្មវិធីនៃការផ្លាស់ប្តូរ ការតភ្ជាប់ និងសហការប្រកបដោយប្រសិទ្ធភាព ស្របតាមគោលដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ បង្កើតឡើងតម្លៃសេដ្ឋកិច្ច-សង្គមជាច្រើន មិនត្រឹមតែសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជននិងសហគមន៍ផងដែរ។ វៀតណាមប្តេជ្ញាបន្តបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចអាស៊ាន និងសហគ្រិនអតីតយុទ្ធជន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងសហគមន៍អាស៊ានដែលសាមគ្គីភាព មានភាពធន់ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រីអនុប្រធានរដ្ឋ។
វៀតណាមបានចូលរួមជាមួយ VECONAC ក្នុងឆ្នាំ ១៩៩២។ ចាប់តាំងពីពេលនោះមក វៀតណាមបានអះអាងនូវតួនាទីសំខាន់របស់ខ្លួននៅក្នុង VECONAC តាមរយៈសកម្មភាពជាក់ស្តែង និងការរួមចំណែកជាច្រើន៕