វៀតណាម-សិង្ហបុរីចែករំលែកបទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុ
(VOVWORLD) - ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយសក្តានុពល ជាពិសេសលើវិស័យហិរញ្ញវត្ថុ កាលពីថ្ងៃទី៥-៦ ខែសីហា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc បានដឹកនាំគណៈប្រតិភូក្រសួងហិរញ្ញវត្ថុ និងធុរកិច្ចទៅទស្សនកិច្ចនិងធ្វើការនៅសិង្ហបុរី។
រដ្ឋមន្ត្រី លោក Ho Duc Phoc ជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទីពីររបស់សិង្ហបុរី Chee Hong Tat នាថ្ងៃទី ៥ ខែសីហា (រូបថត៖ TTXVN) |
ក្នុងជំនួបកាលពីថ្ងៃទី៥ ខែសីហា ជាមួយលោក Chee Hong Tat រដ្ឋមន្ត្រីទីពីរនៃក្រសួងហិរញ្ញវត្ថុសិង្ហបុរី ភាគីទាំងពីរបានផ្លាស់ប្តូរនិងចែករំលែក បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុ។ លោក Chee Hong Tat បានសង្កត់ធ្ងន់ថា នាពេលខាងមុខ វិស័យដែលអាចជំរុញកិច្ចសហប្រតិបត្តិការមានដូចជា៖ ថាមពល សេវាកម្ម និងសេវាហិរញ្ញវត្ថុ។ ភាគីទាំងពីរបានឯកភាពចែករំលែកបទពិសោធន៍ទាក់ទងនឹងការធ្វើទំនើបកម្មពន្ធដារ និងការគ្រប់គ្រងគយ; ដំណោះស្រាយការពារសុវត្ថិភាពប្រព័ន្ធសន្តិសុខ; ស្នើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសម្រាប់ទីភ្នាក់ងារគ្រប់គ្រងមូលបត្រ និងផ្សារហ៊ុន; គាំទ្រការអភិវឌ្ឍការជួញដូរឥណទានកាបូន...។ បន្ទាប់ពីជំនួបធ្វើការ រដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងផ្សារហ៊ុនវៀតណាម (VNX) និងផ្សារហ៊ុនសិង្ហបុរី (SGX)។
រដ្ឋមន្ត្រី លោក Ho Duc Phoc និងលោក Chia Der Jiun - នាយកប្រតិបត្តិនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី និងគណៈប្រតិភូ (រូបថត៖ dangcongsan.vn) |
ក្នុងជំនួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយលោក Chia Der Jiun - នាយកប្រតិបត្តិនៃអាជ្ញាធរគ្រប់គ្រងរូបិយវត្ថុសិង្ហបុរី (MAS) ភាគីទាំងពីរបានសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍទីផ្សារមូលធន; តភ្ជាប់ការអភិវឌ្ឍទីផ្សារមូលធនដោយផ្អែកលើប្រៀបខ្លាំងនៃប្រទេសទាំងពីរ។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារមូលបត្រទាំងពីរ នៃប្រទេសវៀតណាម និងសិង្ហបុរី។ ស្រាវជ្រាវលទ្ធភាពនៃការចុះបញ្ជីភាគហ៊ុន និងមូលបត្របំណុលនៅលើទីផ្សារភាគហ៊ុនរបស់គ្នាទៅវិញទៅមក; សម្របសម្រួលការចេញមូលបត្របំណុលបៃតង និងបង្កើតទីផ្សារឥណទានកាបូន ក៏ដូចជា កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថល៕