វិទ្យុសំឡេងវៀតណាមនិងវិទ្យុ ABC Sydney ជំរុញកិច្ចសហប្រតិបត្តិការក្នុងដំណើរការឌីជីថល
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលី នាថ្ងៃទី ៣០ សីហា នៅទីក្រុង Sydney រដ្ឋ New South Wales គណៈប្រតិភូនៃវិទ្យុសំឡេងវៀតណាម ដឹកនាំដោយអគ្គនាយក លោក Do Tien Sy បានទៅទស្សនវិទ្យុ ABC Sydney និងធ្វើការជាមួយថ្នាក់ដឹកនាំស្ថានីយវិទ្យុនេះ។
អគ្គនាយក VOV លោក Do Tien Sy បានទៅទស្សនាកន្លែងធ្វើការរបស់វិទ្យុ ABC Sydney និងជួបជាមួយក្រុមផលិតកម្មវិធីមួយចំនួន។ រូបថត៖ VOV |
ក្នុងជំនួបនេះ អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក Do Tien Sy បានមានប្រសាសន៍ថា ក្នុងបរិបទដែលស្ថានីយវិទ្យុទាំងពីរកំពុងប្រឈមមុខនឹងបញ្ហាប្រឈមរួមនៃសម័យកាល កិច្ចសហប្រតិបត្តិការជិតស្និទ្ធនឹងជួយឱ្យភាគីទាំងពីរឆ្លើយតបយ៉ាងល្អចំពោះបញ្ហាប្រឈមទាំងនេះ ហើយការចែករំលែកបទពិសោធន៍នឹងជួយឱ្យស្ថានីយទាំងពីរចាប់យកឱកាសនិងអភិវឌ្ឍកាន់តែប្រសើរឡើងនាពេលអនាគត។
គណៈប្រតិភូ VOV បានស្តាប់ការឧទ្ទេសនាមអំពីដំណើរការឌីជីថលនីយកម្មនៅវិទ្យុ ABC។ រូបថត៖ VOV |
អគ្គនាយក លោក Do Tien Sy បានឲ្យដឹងថា វិទ្យុសម្លេងវៀតណាម (VOV) កំពុងពន្លឿនដំណើរការឌីជីថល ដូច្នេះលោកសង្ឃឹមថា វិទ្យុ ABC នឹងបន្តសហការបណ្តុះបណ្តាលអ្នកយកព័ត៌មាននិងចែករំលែកបទពិសោធន៍ជាមួយ VOV ក្នុងដំណើរការនេះ។ តំណាងថ្នាក់ដឹកនាំវិទ្យុ ABC បានយល់ព្រមនឹងសំណើនេះ ហើយបានឲ្យដឹងថា នាពេលខាងមុខ ខ្លឹមសារនេះនឹងត្រូវការពិភាក្សាយ៉ាងហ្មត់ចត់បន្ថែមទៀត៕