សេចក្ដីថ្លែងការណ៍រួមវៀតណាម-គុយបា

(VOVWORLD) - ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់សាធារណៈរដ្ឋគុយបាចាប់ ពីថ្ងៃទី២៨ដល់ទី៣០ មីនា តាមសេចក្ដីអញ្ជើញរបស់លេខាទី១គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តគុយបាប្រធានក្រុមប្រឹក្សារដ្ឋនិងជាប្រធានក្រុមប្រឹក្សារដ្ឋ មន្រ្តីលោក Raul Castro Ruz ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម។
សេចក្ដីថ្លែងការណ៍រួមវៀតណាម-គុយបា - ảnh 1អគ្គលេខាលោក Nguyen Phu Trong (ខាងឆ្វេង) និងប្រធានរដ្ឋគុយបាលោក Raul Castro Ruz (រូបថត៖ TTXVN)


 
ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីររូបអះអាងថាការបើកទូលាយ រឹតបន្តឹងនិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវចំណងមិត្តភាព ទំនាក់ទំនងជាភាតរៈនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំងពីរគឺសំដៅរួមវិភាគទានយ៉ាងសកម្មទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនៃប្រទេសនីមួយៗ ទៅក្នុងសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់នីមួយៗនិងលើពិភពលោកទៀតផង។

       ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា នាបច្ចុប្បន្ន ខណៈដែលវៀតណាមកំពុងជំរុញបុព្វហេតុផ្លាស់ប្ដូរថ្មី ហើយគុយបាកំពុងធ្វើបច្ចុប្បន្នកម្មយ៉ាងសកម្មនូវរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមទិសសង្គមនិយមនោះ គឺភាគីទាំងពីរគួរតែរក្សាជាប្រចាំនូវជំនួបសន្ទនានិងជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់។

        ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃយន្តការសហប្រតិបតិ្តការទ្វេភាគីដូចជា៖ កិច្ចព្រមព្រៀងផ្លាស់ប្ដូរនិងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្សកុម្មុយនិស្តគុយបា សិក្ខាសាលាអំពីទ្រឹស្ដីរវាងបក្សទាំងពីរ គណៈកម្មាធិការអន្តររដ្ឋាភិបាលអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេស ជាដើម។

        ថ្នាក់ដឹកនាំទាំងពីររូបសម្ដែងការពេញចិត្តចំពោះការដែលប្រទេសទាំងពីរមានគោលជំហរដូចគ្នាយ៉ាងពេញលេញចំពោះបញ្ហាអន្តរជាតិជាច្រើន ក្នុងនោះសង្កត់ធ្ងន់ថា ចាំបាច់ត្រូវដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានអះអាងជាថ្មីម្ដងទៀតនូវសុពលភាពនៃគោលការណ៍សារវ័ន្តនានារបស់ចលនាមិនចូលបក្សសម្ព័ន្ធ ព្រមទាំងវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ចលនានេះចំពោះកិច្ចការពារគោលការណ៍នៃច្បាប់អន្តរជាតិ។

        ថ្នាក់ដឹកនាំទាំងពីរបានស្រុះចិត្តគំនិតបន្តគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនិងវេទិកាពហុភាគីនានាដែលប្រទេសទាំងពីរជាសមាជិក ពិសេសគឺអ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ