សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា

(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា លោក Narendra Modi នាថ្ងៃទី ១ សីហា ប្រទេសទាំងពីរបានចេញ សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋឥណ្ឌា។

សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Narendra Modi បានឲ្យដឹងថា ភាគីទាំងពីរចាត់ទុកគ្នាជាមិត្តភក្តិដែលបានប្រកៀកស្មាជាមួយគ្នាក្នុងប្រវត្តិសាស្ត្រ បច្ចុប្បន្ន និងអនាគត។ (រូបថត៖ VGP/ Nhat Bac)

ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌាលើគ្រប់វិស័យ។

តាមនោះ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានឯកភាពរួមសហការគ្នាលុបបំបាត់របាំងពាណិជ្ជកម្ម ដើម្បីសម្រួល និងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យលើសពី ១៥ ពាន់លានដុលា្លរអាមេរិកនាពេលបច្ចុប្បន្ន; បន្ត ខិតខំប្រឹងប្រែង ដើម្បីជំរុញលំហូរវិនិយោគទ្វេភាគី។ ឥណ្ឌាបានស្វាគមន៍ការសម្រេចចិត្តរបស់វៀតណាមក្នុងការចូលរួមសម្ព័ន្ធភាពហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពធន់នឹងគ្រោះមហន្តរាយ ហើយឆាប់បង្ហើយនីតិវិធីផ្ទៃក្នុងដើម្បីចូលរួមជាផ្លូវការក្នុងសម្ព័ន្ធភាពថាមពលពន្លឺព្រះអាទិត្យអន្តរជាតិ។ វៀតណាមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមអំពីសម្ព័ន្ធភាពជីវឥន្ធនៈសកលរបស់ឥណ្ឌា។ ក្នុងនាមជាប្រទេសជាប់មាត់សមុទ្រក្នុងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមហាសមុទ្រ វិទ្យាសាស្ត្រសមុទ្រ និងសេដ្ឋកិច្ចសមុទ្របៃតង ក៏ដូចជាលើកកំពស់សមត្ថភាពក្នុងវិស័យនេះ។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យប្រេងឧស្ម័ន រួមទាំងសកម្មភាពរុករក និងធ្វើអាជីវកម្មក្នុងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមផងដែរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ មេដឹកនាំទាំងពីរបានឯកភាពពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយផ្អែកលើអាទិភាព និងកង្វល់រួម រួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក។ អំពីកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តឱ្យបង្កើតក្របខណ្ឌជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់តាមឌីជីថលរវាងវៀតណាម និងឥណ្ឌា។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជនផងដែរ។

អំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ការដោះស្រាយវិវាទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ; បន្តអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់សម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជាក់ស្ដែងនិងមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរក៏ថ្កោលទោសលទ្ធិភេរវកម្មក្រោមគ្រប់ទម្រង់និងការបង្ហាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ