សំលៀកបំពាក់ដ៏វិសេសវិសាលរបស់ជនជាតិ Pa Di

(VOVWORLD) - ជនជាតិ Pa Di គឺជាក្រុមមួយនៃជនជាតិ Tay។ នៅខេត្ត Lao Cai ជនជាតិ Pa Di មានប្រជាជនប្រមាណ ២.០០០ នាក់ ដែលរស់នៅភាគច្រើននៅតាមឃុំព្រៃភ្នំនៅស្រុក Muong Khuong។ សំលៀកបំពាក់ស្ត្រីរបស់ជនជាតិ Pa Di គឺជាសំលៀកបំពាក់ដ៏វិសេសវិសាលដោយមានលំនាំ ក្បូរក្បាច់រចនានិងពណ៌ស្រស់ឆើតឆាយ ផ្សារភ្ជាប់ជាមួយនឹងតំបន់ព្រៃភ្នំ ទន្លេបឹងបួ ដែលគេកំពុងរស់នៅ។

សំលៀកបំពាក់ដ៏វិសេសវិសាលរបស់ជនជាតិ Pa Di - ảnh 1សម្លៀកបំពាក់ប្រពៃណីរបស់នារីជនជាតិ Pa Di។ (រូបថត៖ baodantoc.vn)

ប្រការគួរអោយចាប់អារម្មណ៍បំផុតនៅលើសំលៀកបំពាក់របស់ជនជាតិ Pa Di គឺមួក។ ជនជាតិ Pa Di មានរឿងព្រេងនិទានមួយអំពីមួករបស់ស្ត្រី។ រឿងព្រេងនិទានបានដំណាលថា កាលពីបុរាណកាល ដោយសារតែជនជាតិ Pa Di មិនចង់រស់នៅបែកឆ្ងាយពីកូនចៅទេ ដូច្នេះគ្រួសារនិងញាតិមិត្តទាំងអស់ច្រើនតែរួមរស់ជាមួយគ្នាក្រោមដំបូលផ្ទះតែមួយ។ ក្រោយមក ពេលកូនចៅកាន់តែច្រើន កូនៗទើបបែកគ្នាចេញទៅរស់នៅដោយឡែក។ ដើម្បីបង្ហាញពីការនឹករលឹកដល់ប្រភពដើម ឪពុកម្តាយ និងត្រកូលរបស់ខ្លួន ជនជាតិ Pa Di យករូបភាពដំបូលផ្ទះ ដើម្បីច្នៃប្រឌិតជាមួកប្រពៃណីរបស់ជនជាតិខ្លួន។ អ្នកស្រី Po Xin Phuc នៅឃុំ Tung Chung Pho ស្រុក Muong Khuong បានឲ្យដឹងថា៖

“មួកជានិមិត្តសញ្ញានៃផ្ទះដ៏កក់ក្ដៅ ហើយវាតែងតែជាលក្ខណៈស្រស់ស្អាតពិសេសដោយឡែកសម្រាប់ជនជាតិនីមួយៗ”។

មួកត្រូវបានធ្វើពីក្រណាត់ទេសឯក ត្បាញដោយដៃ។ នារី Pa Di ដោយមានបាតដៃដ៏ប៉ិនប្រសប់ បានផ្តុំ លាបក្រមួនឃ្មុំជាច្រើនស្រទាប់ ដើម្បីបង្កើតភាពរឹងសម្រាប់ក្រណាត់ បន្ទាប់មកបត់វាឲ្យទៅជារូបរាងដំបូលផ្ទះ។ ផ្ទៃខាងក្រោយនៃមួក មានពុម្ភប្រាក់រាងចតុកោណមួយ ដែលត្រូវបានឆ្លាក់ជារូបដើមឈើ និងសត្វបក្សី។ ជនជាតិ Pa Di ហៅមួកនេះថា "Khun Tang"។

ក្រៅពីមួកដ៏ពិសេសនេះ បើតាមអ្នកស្រី Po Xin Phuc សំលៀកបំពាក់របស់នារី Pa Di ជាសំលៀកបំពាក់ដ៏វិសេសវិសាលមួយ។ ជាមួយនឹងក្រណាត់ត្បាញដោយខ្លួនឯង ពណ៌ចម្បងគឺពណ៌ខៀវ គួបផ្សំនឹងពណ៌បៃតងនិងខ្មៅបន្តិចបន្តួច អាវរបស់នារី Pa Di ត្រូវបានដេរខ្លី ប៊ូតុងនៅខាងស្តាំ។ ចំណុចលេចធ្លោ គឺជាការតុបតែងលំនាំដោយប៊ូតុងប្រាក់តូចៗដែលភ្ជាប់គ្នា បង្កើតជាបន្ទាត់អង្កត់ពីកអាវទៅត្រគាក។

សំពត់វែងដល់កជើងត្រូវបានរចនាស្រដៀងនឹងសំពត់ជនជាតិ Thai។ រុំនៅខាងក្រៅសំពត់គឺជាអៀមដែលមានពណ៌ដូចគ្នា។ អ្នកស្រី Po Xin Phuc មានកិត្តិយស និងមោទនៈភាពខ្លាំងណាស់ ដោយបានស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួនក្នុងឱកាសពិធីបុណ្យម្ដងៗ។

“ខ្ញុំសប្បាយចិត្តណាស់ដោយបានស្លៀកពាក់ឈុតស្អាតៗ ដែលជាការខិតខំប្រឹងប្រែងរបស់លោកយាយ លោកមីង ព្រោះវាពិតជាប្រណិតណាស់ ហើយត្រូវការពេលវេលាច្រើន ទើបអាចធ្វើបានឈុតមួយស្អាតបែបនេះ”។

ដើម្បីបង្កើតសំលៀកបំពាក់ចម្រុះពណ៌ជាមួយនឹងការរចនា បន្ទាត់ដេរ លំនាំក្បូរក្បាច់បែបនេះ នារី Pa Di បានច្នៃប្រឌិតនូវបច្ចេកទេសប៉ាក់ជាមួយនឹងវិធីស្នូលពីរ គឺការប៉ាក់ និងការផ្សាំក្រណាត់ ដោយបង្កើតបាននូវលំនាំដ៏សម្បូរបែប ចម្រុះពណ៌ ធ្វើឲ្យអ្នកមើលមានអារម្មណ៍ថា លំនាំតែងតែផ្លាស់ប្ដូរអញ្ចឹង។ សិប្បករ Po Zin Chin បានពន្យល់ថា៖

“សម្លៀកបំពាក់ត្រូវតែមានពណ៌ផ្សេងៗគ្នាទើបស្អាត។ ខ្មៅ ប្រផេះ លឿង បៃតង ចម្រុះពណ៌។ បើមិនដូច្នេះទេ វាមិនមែនជាអាវ Pa Di ទេ”។

សំលៀកបំពាក់ប្រពៃណីរបស់នារីក៏ជាបណ្ណាការ នៅពេលក្រមុំ Pa Di រៀបការផងដែរ។ សព្វថ្ងៃនេះ សំលៀកបំពាក់នេះត្រឹមតែបង្ហាញក្នុងឱកាសពិធីបុណ្យនិងបុណ្យតេតតែប៉ុណ្ណោះ។

ដោយមានតម្លៃ និងសិល្បៈប៉ាក់តុបតែងលើសំលៀកបំពាក់ដូច្នេះ គឺនៅឆ្នាំ ២០២០ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានទទួលស្គាល់សិល្បៈតុបតែងសំលៀកបំពាក់របស់ជនជាតិ Pa Di ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ