សហភាពអាហ្រ្វិកប្រកាសអាសន្នសុខាភិបាលសាធារណៈលើជំងឺអុតស្វា
(VOVWORLD) - ទីភ្នាក់ងារឃ្លាំមើលសុខភាពរបស់សហភាពអាហ្រ្វិក (AU) នៅថ្ងៃទី ១៣ ខែសីហា បានប្រកាសភាពអាសន្នផ្នែកសុខាភិបាល សាធារណៈ ដោយសារតែការផ្ទុះឡើងនៃជំងឺអុតស្វា (Mpox) កាន់តែខ្លាំងឡើងនៅទូទាំងទ្វីបនេះ។
ឥឡូវនេះជំងឺរាតត្បាត Mpox បានរីករាលដាលពាសពេញប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក ហើយស្ថានភាពនេះគឺធ្ងន់ធ្ងរជាពិសេសនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែត លោក Jean Kaseya ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្រ្វិក (CDC) បានសង្កត់ធ្ងន់ថា Mpox បានឆ្លងព្រំដែន ដែលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់នៅទូទាំងទ្វីប។
ដៃរបស់អ្នកជំងឺដែលមានជំងឺអុតស្វា (ប្រភព៖ apa) |
យោងតាមទិន្នន័យពី Africa CDC ចាប់ពីខែមករាឆ្នាំ ២០២២ ដល់ថ្ងៃទី ៤ ខែសីហា ទ្វីបនេះមាន ៣៨.៤៦៥ ករណីឆ្លងជំងឺ Mpox និងមនុស្សចំនួន ១.៤៥៦ នាក់បានស្លាប់។ ប្រទេសដែលរងផលប៉ះពាល់រួមមាន ប៊ូរុនឌី កាមេរូន កុងហ្គោ ហ្គាណា លីបេរីយ៉ា នីហ្សេរីយ៉ា រវ៉ាន់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អាហ្វ្រិកខាងត្បូង អ៊ូហ្គង់ដា និងកេនយ៉ា។
គណៈកម្មាធិការនៃអង្គការសុខភាពពិភពលោក (WHO) នឹងជួបប្រជុំគ្នានៅថ្ងៃទី ១៤ ខែសីហានេះ ដើម្បីសម្រេចថា តើត្រូវប្រកាសអាសន្នផ្នែកវេជ្ជសាស្ត្រជុំវិញការរីករាលដាលនេះដែរឬអត់៕