អគ្គនាយក VOV លោក Do Tien Sy បានជួបធ្វើការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាល RNTC របស់ប្រទេសហូឡង់
(VOVWORLD) - នាថ្ងៃទី ១៥ ខែសីហា គណៈប្រតិភូនៃវិទ្យុសម្លេងវៀតណាម (VOV) ដឹកនាំដោយលោកអគ្គនាយក Do Tien Sy បានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាល RNTC នៅទីក្រុង Amsterdam ប្រទេសហូឡង់។ នេះគឺជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដ៏ល្បីល្បាញលើពិភពលោក ចំណុះទីភ្នាក់ងារសារព័ត៌មាន RNW របស់ហូឡង់ ដែលមានឯកទេសក្នុងការផ្តល់វគ្គបណ្តុះបណ្តាលនិងកម្មវិធីហ្វឹកហ្វីនផ្នែកទូរគមនាគមន៍ សារព័ត៌មាន និងការលើកកម្ពស់សមត្ថភាពបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គម។
គណៈប្រតិភូ VOV ធ្វើការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាល RNTC ។ រូបថត៖ VOV |
ក្នុងជំនួបនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានស្នើឲ្យ ជំរុញកិច្ចសហប្រតិបត្តិការរវាង VOV និង RNTC ហើយស្នើឱ្យ RNTC ផ្តល់វគ្គបណ្តុះបណ្តាលធនធានមនុស្សនិងការប្រឹក្សាយុទ្ធសាស្ត្រសម្រាប់ VOV ក្នុងបរិបទដែល VOV កំពុងមានតម្រូវការសិក្សាបទពិសោធន៍ស្តីពីបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍ ទូរគមនាគមន៍ AI។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំការងារ។ រូបថត៖ VOV |
រីឯខ្លួនវិញ តំណាង RNTC បានឧទ្ទេសនាមអំពីប្រៀបខ្លាំងរបស់ RNTC និងការអភិវឌ្ឍនាពេលថ្មីៗនេះ ដោយបញ្ជាក់ថា RNTC នឹងស្រាវជ្រាវរួមគ្នាជាមួយ VOV នាពេលខាងមុខ ដើម្បីជំរុញនិងសុក្រឹត្យវគ្គបណ្តុះបណ្តាលជំនាញយ៉ាងស៊ីជម្រៅ។
គណៈប្រតិភូ VOV បានធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅហូឡង់។ រូបថត៖ VOV |
RNTC មានទំនាក់ទំនងយូរអង្វែងជាមួយ VOV ដោយផ្តល់អាហារូបករណ៍ជាច្រើនសម្រាប់អ្នកសារព័ត៌មាន VOV។ ក្នុងដំណាក់កាល ១៩៨៥-២០០៨ RNTC បានផ្តល់អាហារូបករណ៍ដល់អ្នកសារព័ត៌មានរាប់សិបនាក់ពីវិទ្យុសម្លេងវៀតណាម ឲ្យចូលរួមក្នុងថ្នាក់រៀនស្តីពីកិច្ចការព័ត៌មាន បរិស្ថាន ការផលិត កម្មវិធី ការគ្រប់គ្រងការផ្សាយសំឡេង ការបណ្តុះបណ្តាលការផ្សាយសំឡេង...៕