អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃប្រទេសជា​ច្រើន​ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក ​Nguyen Phu Trong

(VOVWORLD) - ដោយទទួលដំណឹងអំពីមរណភាពរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនថៃ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បានផ្ញើសេចក្តីរំលែកទុក្ខយ៉ាងក្រៀមក្រំដល់រដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស។

លោកនាយករដ្ឋមន្ត្រីថៃបានសម្តែងការកោតសរសើរចំពោះការរួមវិភាគទានដ៏សំខាន់ របស់លោកអគ្គលេខាបក្សក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាក្នុងការពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងថៃ ជាពិសេសគឺសេចក្តីថ្លែងការណ៍លើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកអគ្គលេខាបក្សទៅកាន់ប្រទេសថៃក្នុងឆ្នាំ ២០១៣។

អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃប្រទេសជា​ច្រើន​ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក ​Nguyen Phu Trong - ảnh 1អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ baochinhphu.vn)

ថ្នាក់ដឹកនាំឥណ្ឌាបានសម្តែងការគោរពចំពោះឆាកជីវិតនិងអាជីពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong; អះអាងថានឹងប្រកៀកស្មាជាមួយថ្នាក់ដឹកនាំ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងគ្រាដ៏ឈឺចាប់នេះ។

អគ្គលេខាបក្សការងារនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតគូរ៉េ លោក Kim Jong Un បានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស Nguyen Phu Trong បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស.ប.ប.កូរ៉េ និងវៀតណាម; ហើយបានសង្កត់ធ្ងន់ថា គុណូបការៈរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នឹងស្ថិតស្ថេរជារៀងរហូតក្នុងប្រវត្តិសាស្ត្របដិវត្តន៍របស់ប្រជាជនវៀតណាម និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

សារទូរលេខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសម្តែងការរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជាមួយក្រុមគ្រួសារលោកអគ្គលេខាបក្ស និងប្រជាជនវៀតណាមចំពោះការបាត់បង់មេដឹកនាំជាទីគោរព។ សមិទ្ធិផល និងបំណងប្រាថ្នារបស់លោកអគ្គលេខាបក្សដើម្បីការអភិវឌ្ឍដ៏ត្រចះត្រចង់របស់វៀតណាម និងធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងកូរ៉េខាងត្បូងនឹងស្ថិតស្ថេរក្នុងការចងចាំរបស់ប្រជាជននៃប្រទេសទាំងពីរជារៀងរហូត។

សាររំលែកទុក្ខរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានសរសេរថា៖ “លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាអ្នកឈានមុខគេក្នុងការកសាងទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងប្រជាជនវៀតណាមនិងសហរដ្ឋអាមេរិក។ អាស្រ័យដោយមានការដឹកនាំរបស់លោកអគ្គលេខាបក្ស ទើបប្រទេសទាំងពីរសម្រេចបាននូវចំណងមិត្តភាពនិងភាពជាដៃគូដែលដូចសព្វថ្ងៃនេះ។ សហរដ្ឋអាមេរិក និងប្រធានាធិបតី Biden ខ្លួនឯងផ្ទាល់ នឹងចងចាំជានិច្ច និងវាយតម្លៃខ្ពស់ចំពោះការសន្យារបស់លោកអគ្គលេខាបក្ស ក្នុងការផ្សះផ្សារនិងកសាងអនាគតដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។

រំលឹកដល់ការដឹកនាំរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong ក្នុងបុព្វហេតុកសាងទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធរវាងជប៉ុន និងវៀតណាមលើគ្រប់វិស័យ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានសម្តែងនូវក្ដីក្រៀមក្រំជាទីបំផុត។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis បានផ្ញើសេចក្តីរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះរដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong; ហើយបានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមេដឹកនាំដែលមានតួនាទីជាគន្លឹះ ក្នុងប្រវត្តិសាស្ត្រសហសម័យរបស់វៀតណាម។ ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស វៀតណាមបន្តគោលមាគ៌ាអភិវឌ្ឍន៍ដ៏រឹងមាំ ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក និងជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ