អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនៅតំបន់ West Bank
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៩ ខែសីហា អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា លោក Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើទីក្រុង Tulkarm និង Tubas នៅតំបន់ West Bank ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ ហើយបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ CWA ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតមនុស្ស ជាពិសេសចំពោះកុមារ។
លោក Antonio Guterres បានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ West Bank ដោយបានសង្កត់ធ្ងន់ថា ការវិវឌ្ឍន៍ដ៏គ្រោះថ្នាក់នាពេលថ្មីៗនេះ បានបង្កើនភាពតានតឹងនៅតំបន់ West Bank ដែលជាតំបន់ស្ថិតក្នុងអស្ថិរភាព បានធ្វើឲ្យចុះខ្សោយដល់រដ្ឋអំណាចប៉ាឡេស្ទីន។ បើតាមលោក កងទ័ពអ៊ីស្រាអែលត្រូវគោរពតាមកាតព្វកិច្ច និងបទប្បញ្ញត្តិចាំបាច់នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ; មានភាពអត់ធ្មត់ជាអតិបរមា ហើយប្រើប្រាស់កម្លាំងនៅពេលជៀសមិនរួចតែប៉ុណ្ណោះ ការពារសុវត្ថិភាពរបស់ជនស៊ីវិល។
យានយោធារបស់អ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅក្នុងក្រុង Tulkarm ក្នុងតំបន់ West Bank, ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យរក្សាស្ថានភាពដដែលនៅតំបន់ព្រះវិហា Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹម ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីប្រកាសនិងអាកប្បកិរិយាដ៏គ្រោះថ្នាក់ ដែលបង្ករឿងហេតុរបស់រដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីតាំងនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន នាប៉ុន្មានថ្ងៃកន្លងទៅ អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមក នៅតំបន់ West Bank ដោយមានការវាយឆ្មក់ និងការវាយប្រហារតាមផ្លូវអាកាស រួមទាំងការប្រើប្រាស់យន្តហោះដ្រូននៅថ្ងៃ ២៩ សីហា បណ្តាលឲ្យមនុស្ស ១៧ នាក់បានស្លាប់៕