អង្គការសហប្រជាជាតិ អំពាវនាវឱ្យធ្វើសកម្មភាពជាបន្ទាន់ក្នុងឱកាសទិវាអន្តរជាតិលុបបំបាត់ភាពក្រីក្រ
(VOVWORLD) - លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យធ្វើសកម្មភាពវិនិយោគលើដំណោះស្រាយ ដោយយកមនុស្សជាមជ្ឈភាព ជួយឧបត្ថម្ភដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងដំណើរការផ្លាស់ប្ដូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ Xinhua/Xie E) |
ក្នុងឱកាសនៃទិវាអន្តរជាតិលុបបំបាត់ភាពក្រីក្រ (ថ្ងៃទី ១៧ ខែតុលា) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើរសារដោយអំពាវនាវឲ្យខិតខំប្រឹងប្រែងបន្តការសន្យា ដើម្បីពិភពលោកមួយដ៏ល្អប្រសើរជាងជូនមនុស្សគ្រប់រូប។ លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា ប្រធានបទឆ្នាំនេះគឺ “សេចក្តីថ្លៃថ្នូរពិតប្រាកដសម្រាប់ទាំងអស់គ្នា” (Dignity for all in practice) ត្រូវជា “សេចក្ដីអំពាវនាវ”ធ្វើសកម្មភាពសកលជាបន្ទាន់ ក្នុងបរិបទដែលវិសមភាពកើនឡើង បណ្ដាខឿនសេដ្ឋកិច្ចជាតិ និងក្រុមគ្រួសាររងផលប៉ះពាល់ ដោយសារបាត់បង់ការងារធ្វើ តម្លៃស្បៀងអាហារ និងថាមពលបានហក់ឡើង រួមជាមួយគ្រោះអាសន្នឱនភាពសកល។ លើសពីនេះទៅទៀត វិបត្តិអាកាសធាតុ និងជម្លោះកំពុងបង្កទុក្ខវេទនា ក្នុងនោះអ្នកក្រីក្របំផុតកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្នុងពេលនោះ រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កាន់តែពិបាកសម្រេចបានពីមួយថ្ងៃទៅមួយថ្ងៃ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យធ្វើសកម្មភាពវិនិយោគលើដំណោះស្រាយ ដោយយកមនុស្សជាមជ្ឈភាព ជួយឧបត្ថម្ភដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងដំណើរការផ្លាស់ប្ដូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញ និងបណ្ដាខឿនសេដ្ឋកិច្ចបៃតងបង្កើតការងារធ្វើផងដែរ៕