អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម
(VOVWORLD) - នាថ្ងៃទី ១៥ តុលា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម។
ដោយបញ្ជាក់ថា នៅមានសក្កានុពលជាច្រើនសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជំរុញទំនាក់ទំនងយ៉ាងល្អ សកម្ម ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច ដើម្បីឱ្យភាគីទាំងពីរមានឱកាសសហការអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព។ លើសពីនេះ ប្រទេសទាំងពីរបានពិនិត្យយ៉ាងសកម្មនូវក្របខណ្ឌ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាពីមុននេះ ដើម្បីបំពេញបន្ថែមឲ្យស្របតាមដំណាក់កាលថ្មី។ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា ស៊ុយអែតនឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម។ រូបថត៖ VOV |
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Johan Ndisi បានចែករំលែកថា វៀតណាមនិងស៊ុយអែត មានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជិតស្និទ្ធលើគ្រប់វិស័យ។ លោក Johan Ndisi បានស្នើថា ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការក្នុងដំណើរការនៃការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ស៊ុយអែតក៏ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងការច្នៃប្រឌិត។ យោងតាមលោកឯកអគ្គរដ្ឋទូត Johan Ndisi សហគមន៍ធុរកិច្ចស៊ុយអែតនៅវៀតណាមចង់រក្សាកិច្ចសហប្រតិបត្តិការអាជីវកម្ម និងទំនាក់ទំនងវិនិយោគនៅវៀតណាម៕