អាមេរិកបើកចំណាយថវិកា ៦ពាន់លានដុល្លារដល់អ៊ុយក្រែន មុនពេលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតី
(VOVWORLD) - លោក Sullivan បានឲ្យដឹងថា តាមគម្រោង លោកប្រធានាធិបតី Biden នឹងជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Trump នៅថ្ងៃទី ១៣ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហាកិច្ចការបរទេសសំខាន់ៗ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានវ៉ាស៊ីនតោនឌីស៊ី (រូបថត៖ AFP/TTXVN) |
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅថ្ងៃទី ១០ វិច្ឆិកា បានព្រមានពីហានិភ័យមានលក្ខណៈសកល ប្រសិនបើ សហរដ្ឋអាមេរិក បញ្ចប់ការឧបត្ថម្ភរបស់ខ្លួនសម្រាប់អ៊ុយក្រែន ហើយបានឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden នឹងចំណាយប្រាក់ដែលនៅសល់ចំនួន ៦ ពាន់លានដុល្លារសម្រាប់ផ្តល់មូលនិធិឲ្យទីក្រុងគៀវ មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ចូលកាន់តំណែងនៅខែមករាឆ្នាំ ២០២៥។
លោក Sullivan បានឲ្យដឹងថា តាមគម្រោង លោកប្រធានាធិបតី Biden នឹងជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Trump នៅថ្ងៃទី ១៣ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហាកិច្ចការបរទេសសំខាន់ៗ។ លោក Biden នឹងពន្យល់ ពីទស្សនៈរបស់លោកអំពីស្ថានភាពបច្ចុប្បន្ន និងពិភាក្សាជាមួយអ្នកស្នងតំណែងរបស់លោកអំពីរបៀបដែលលោក Trump គ្រោងដោះស្រាយបញ្ហាទាំងនេះនៅពេលលោកចូលកាន់តំណែង។ លោក Sullivan បានសង្កត់ធ្ងន់ថា គោលដៅសំខាន់នៃការគ្រប់គ្រងរបស់ប្រធានាធិបតី Biden ក្នុងរយៈពេលប៉ុន្មានខែទៀតនៃអាណត្តិរបស់ខ្លួន គឺដើម្បីដាក់ប្រទេសអ៊ុយក្រែននៅក្នុងទីតាំងអំណោយផលបំផុតក្នុងរាល់ការចរចាទាំងអស់។
នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Biden សហរដ្ឋអាមេរិកបានក្លាយជាអ្នកផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុដ៏ធំបំផុតដល់អ៊ុយក្រែន។ សហរដ្ឋអាមេរិកក៏ដឹកនាំក្រុមចម្រុះដែលមានប្រទេសលោកខាងលិចភាគច្រើនគាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ ក្នុងពេលជាមួយគ្នានោះ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតថ្មីៗនេះ លោក Trump បានប្រកាសថា លោកនឹងបញ្ចប់ជម្លោះរុស្ស៊ីនិងអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោង បើទោះបីជាលោកមិនបានផ្តល់ផែនការលម្អិតនិងជាក់លាក់ក៏ដោយ៕