អាមេរិកភ្ញាក់ផ្អើលចំពោះការប៉ុនប៉ងធ្វើឃាត លោក Donald Trump
(VOVWORLD) - ការដែលអតីតប្រធានាធិបតីអាមេរិក លោក Donald Trump រងការបាញ់ប្រហារក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី ១៣ ខែកក្កដា គឺជាព្រឹត្តិការណ៍លេចធ្លោបំផុតកាលពីសប្តាហ៍កន្លងទៅ ដែលបានបង្កើតនូវហានិភ័យដែលមិនអាចទាយទុកជាមុនបាន សម្រាប់នយោបាយអាមេរិកនិងពិភពលោក ក្នុងបរិបទដែលនៅសល់តែ ៤ ខែប៉ុណ្ណោះរហូតដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក។
ការបាញ់ប្រហារសំដៅទៅលើលោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ បានកើតឡើងនៅថ្ងៃទី ១៣ ខែកក្កដា នៅពេលដែលលោក Donald Trump កំពុងថ្លែងសុន្ទរកថាទៅកាន់ហ្វូងអ្នកគាំទ្រនៅទីក្រុង Butler រដ្ឋ Pennsylvania (សហរដ្ឋអាមេរិក)។ ការបាញ់ប្រហារនេះបានធ្វើឲ្យលោក Trump រងរបួសនៅត្រចៀក និងបានសម្លាប់ទស្សនិកជនម្នាក់នៅក្នុងការជួបជុំ។ ខ្មាន់កាំភ្លើងដែលធ្វើការបាញ់ប្រហារលើលោក Donald Trump ត្រូវបានកងកម្លាំងសន្តិសុខអាមេរិកបាញ់សម្លាប់នៅកន្លែងកើតហេតុ។ ការិយាល័យស៊ើបអង្កេតសហរដ្ឋអាមេរិក - FBI បានប្រកាសថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងក្នុងទិសដៅជាអំពើភេរវកម្មក្នុងស្រុក ហើយថាជនល្មើសនៃការធ្វើឃាតបរាជ័យលើលោក Donald Trump គឺជាបុរសអាយុ ២០ ឆ្នាំឈ្មោះ Thomas Matthews Crooks ដែលរស់នៅក្នុងរដ្ឋ Pennsylvania ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ជនល្មើសបានធ្វើសកម្មភាពតែម្នាក់ឯង។
ការធ្វើឃាតដោយបរាជ័យលើលោក Donald Trump បានធ្វើឱ្យនយោបាយអាមេរិកនិងពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរំឮកដល់ព្រឹត្តិការណ៍ជាច្រើនដែលអ្នកនយោបាយរួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកត្រូវបានធ្វើឃាតក្នុងអតីតកាល។ បន្ទាប់ពីឧបទ្ទវហេតុនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden និងមេដឹកនាំពិភពលោកជាច្រើនបានថ្កោលទោសនេះជាអំពើហិង្សានយោបាយដែលមិនអាចទទួលយកបាននៅក្នុងលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជនអាមេរិក ប្រធានាធិបតីអាមេរិក លោក Joe Biden បានសារភាពថា បរិយាកាសនយោបាយនៅអាមេរិកមានភាពតានតឹងខ្លាំង ដូច្នេះលោកបានអំពាវនាវឱ្យប្រជាជនអាមេរិកត្រូវបន្ថយកម្ដៅ។
“យើងមិនអាចអនុញ្ញាតឱ្យអំពើហឹង្សានេះក្លាយជារឿងធម្មតាបានទេ។ វិវាទនយោបាយនៅអាមេរិកកំពុងក្តៅគគុក ដូច្នេះពេលនេះជាពេលត្រូវបន្ថយកម្ដៅហើយ។ យើងទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការធ្វើដូច្នេះ។ តាមពិតទៅ យើងមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ដូច្នេះការបោះឆ្នោតឆ្នាំនេះមានផលប៉ះពាល់ខ្លាំងណាស់ “៕